(ព្រះវិហារ)៖ ផ្តើមចេញពីមនោសញ្ចេតនាគោរពស្រឡាញ់ដល់វីរភាពកងទ័ព និងវីរនគរបាលឈរជើង នៅទិសប្រាសាទព្រះវិហារការពារទឹកដី ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ តែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនកងទ័ព និងគ្រួសារកងទ័ពជាប់ជាប្រចាំក្នុងនាមអង្គភាពសម្ព័ន្ឋមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងឱកាសបុណ្យ ប្រពៃណីជាតិម្តងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខកងទ័ព ជាច្រើនអង្គភាពឈរជើងនៅទិសប្រាសាទព្រះវិហារ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់១៦មេសា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣ បានថ្លែងថា ជានិច្ចកាលរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងរយៈពេល២ឆ្នាំនេះ គឺមិនបានភ្លេចកងទ័ពឈរជើង នៅតាមខ្សែបន្ទាប់ព្រំដែនទិស ប្រាសាទព្រះវិហារនោះឡើយ ទោះបីជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្តី។ ចំណែកដៃម្ខាងទៀត បានកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ចេញជាសមិទ្ធិផលជាច្រើនក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង និងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តទៀតថា ដោយមានការជួយឧបត្តមគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ, ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិ បានធ្វើឲ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារ សម្រេចកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ តាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ ក្នុងការការពារបូរណៈភាពទឹកដី ប្រវែងជាង១០០គីឡូម៉ែត្រ តាមជួរភ្នំដងរែក។

ជាមួយគ្នានេះ លោក ស៊ុយ សេរិទ្ធ បានកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារទឹកដី។ លោកអភិបាលរង ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រដល់កងទ័ព នៅសមរភូមិជួរមុខ ទិសប្រាសាទព្រះវិហារ ជានិច្ចទោះបីដៃម្ខាងជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងដៃម្ខាងទៀត ជាប់កសាងអភិវឌ្ឍន៍រាជធានីភ្នំពេញក្តី។

ក្រៅពីជួយលើផ្នែកជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានស្ថាបនាឡើង ដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ក្នុងនោះក៏មានការបង្កើតប្រព័ន្ធទឹកស្អាត នៅកងពលតូចអន្តរាគមន៍លេខ៩ និងប្រព័ន្ធទឹកស្អាត ឡើងដល់កំពូលភ្នំផងដែរ។

លោក ស៊ុយ សេរិទ្ធ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនអង្គភាពកងទ័ព ដែលឈរជើងទិសប្រាសាទព្រះវិហារ ក្នុងនោះមាន៖

* ផ្តល់ជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកា២០លានរៀល, ផ្តល់អំណោយជាថវិកា សំរាប់នាយទាហ៊ាន និងពលទាហ៊ាន ដោយឡែកបន្ថែម។ ផ្តល់ប្រេងម៉ាស៊ូត ៦០០០លីត្រ, មី ៣០០កេស, ទឹកសុទ្ធ១០០កេស, ទឹកត្រីទឹកស៉ីអ៉ី២០០យួរ។

* ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩ មានថវិកា២០លានរៀល, ប្រេងម៉ាស៊ូត ៦,០០០លីត្រ, មី ៥០០កេស, ទឹកសុទ្ធ ៣០០កេស, ទឹកត្រីទឹកស៉ីអ៉ី ៦០០យួរ។

* ឧបត្ថម្ភការរៀបចំប្រព័ន្ធបូមទឹក នៅចំណុចខ្ពស់ជួរមុខតំបន់មុំ៣ចំនួន២២.៥៣០ដុល្លារ។

* ឧបត្ថម្ភវរនគរបាលការពារព្រំដែន លេខ៧៩៣ ថវិកា៥លានរៀល។

* ឧបត្ថម្ភនាយ នាយរង និងពលនគរបាលតាមតួនាទីជាច្រើនរូប, ផ្តល់ប្រេងម៉ាស៊ូត១,០០០លីត្រ, មី១០០កេស, ទឹកសុទ្ធ១០០កេស, ទឹកត្រី-ទឹកស៉ីអ៉ីវ ចំនួន១០០យួរ។

* ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្ស ថវិកា២០លានរៀល, មី២០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី-ទឹកស៉ីអ៉ី១០០យួរ។

* ឧបត្ថម្ភកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកា២០លានរៀល, ប្រេងម៉ាស៊ូត ៧,០០០លីត្រ, មី៩០០កេស, ទឹកសុទ្ធ៤០០កេស, ទឹកត្រី-ទឹកស៉ីអ៉ីវ ១,០០០យួរ។ ព្រមទាំងបានឧបត្ថម្ភដល់វរសេនាតូច ចំនួន៥វរផងដែរ៕