(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្ដិការផ្ទាល់ បានអញ្ជើញបើក វគ្គផ្សព្វផ្សាយអំពីការអនុវត្ដនីតិវិធីប្រតិបត្ដិស្ដង់ដារ (SOP) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ដល់នាយនគរបាលជាតិមកពីនាយកដ្ឋាន ជំនាញចំនួន៣បន្ថែម ក្នុងនោះរួមមាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងនាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន មានសមាសភាពសរុបចំនួន៤៥នាក់។

វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណនៃបទល្មើសសម្អាតប្រាក់ ដោយកំណត់អំពីវិធានការកំណត់ប្រភពនៃការស៊ើបអង្កេត បច្ចេកទេស នៃការស៊ើបអង្កេតក្នុងការវិភាគ និងវាយតម្លៃ អំពីផល នៃបទល្មើស ដើម្បីឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលខ្លឹមសារនៃនីតិវិធីប្រតិបត្តិស្តង់ដារនេះផ្តោតសំខាន់ៗទៅលើចំណុចដូចខាងក្រោម៖

*ក.ការយល់ដឹងពីប្រភពនៃសំអាងនៃបទល្មើស៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីប្រភពនៃបទល្មើសដែលបង្កើតឱ្យមានជាផលនៃបទល្មើស ដើម្បីអោយមន្រ្តីនគរបាលយុត្តិធម៌មានមូលដ្ឋាន ក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

*ខ.លក្ខខណ្ឌផ្តើមការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវវិភាគ វាយតម្លៃសញ្ញាណនៃបទល្មើសសម្អាតប្រាក់តាមរយៈសំអាងនៃបទល្មើសនៃប្រភពនៃបទល្មើសខាងលើ ដោយតម្រូវអោយមានការស្រាវជ្រាវទ្រព្យសម្បត្តិមុនប្រតិបត្តិការ និងការកំណត់ទ្រព្យសម្បត្តិជាដើម។

*គ.បច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីបច្ចេកទេសនៃការស៊ើបអង្កេត ដែលរួមមាន ការស៊ើបអង្កេតទៅលើបុគ្គលសង្ស័យទទួលផលនៃបទល្មើស ការកំណត់ផលនៃបទល្មើស ការកំណត់អំពីទ្រព្យសម្បត្តិ និងបច្ចេកទេសនានាក្នុងការទទួលបានព័ត៌មានក្នុងការគាំទ្រនូវការស៊ើបអង្កេតទាំងនោះ។

*ឃ.ចំណាត់ការលើទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ៖ មន្រ្តីនគរបាលយុត្តិធម៌ បន្ទាប់ពីបានកំណត់ទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ ត្រូវមានវិធានការបន្ទាន់ផ្សេងៗក្នុងការធ្វើចំណាត់ការលើទ្រព្យសម្បត្តិទាំងនោះ ដូចជា ការចាប់យកវត្ថុតាង, ការផ្អាកប្រតិបត្តិការគណនីដោយអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាជាដើម។

*ង.ការកសាងសំណុំរឿង៖ បន្ទាប់ពីប្រមូលព័ត៌មានដែលអាចមានមូលដ្ឋានក្នុងវាយតម្លៃបទល្មើសសម្អាតប្រាក់ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវធ្វើរបាយការណ៍សំយោគបញ្ជូនសំណុំរឿងទៅតុលាការ។ ក្នុងករណីមន្រ្តីនគរបាលយុត្តិធម៌ មិនទាន់អាចប្រមូលព័ត៌មានបានគ្រប់គ្រាន់ មន្រ្តីនគរបាលយុត្តិធម៌ អាចភ្ជាប់នូវសំណូមពរបន្ថែមជាមួយរបាយការណ៍សំយោគទៅអយ្យការ ដើម្បីចេញដីកាសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិដែលសង្ស័យថាជាផលនៃបទល្មើសជាដើម។

គួរបញ្ជាក់ថា ក្រុមការងារ បសប.ហភ បានរៀបចំវគ្គផ្សព្វផ្សាយនេះចំនួន៥វគ្គ ក្នុងខែមីនា ឆ្នាំ២០២២កន្លងមក និងកំពុងត្រៀមផ្សព្វផ្សាយបន្តទៀតទៅដល់នាយនគរបាលជាតិ របស់នាយកដ្ឋាន និងការិយាល័យជំនាញចំនួន ០៣បន្ថែម រួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងការិយាល័យនគរបាលអន្តរជាតិ ព្រមទាំងផែនជំនាញ របស់ស្នងការដ្ឋាននគរបាលជាតិ ២៥រាជធានី-ខេត្តផងដែរ៕