(ភ្នំពេញ)៖ នៅមុនចូលឆ្នាំខ្មែរ! ប្រតិភូរដ្ឋបាលខណ្ឌចំនួន២ នៃរាជធានីភ្នំពេញ រួមមាន៖ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ម៉ែនសិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជា ពិសី អភិបាលខណ្ឌ រីឯរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ពាន វាសនា អភិបាលរងខណ្ឌ តំណាងលោក លីម សុភា អភិបាលខណ្ឌ បានចុះមកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាច្រើន និងថវិកាផងដែរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់កងទ័ពវរ:សេនាតូច៣៩៣ ចំណុះកងពលតូចអន្តរាគមន៏លេខ៩ កំពុងឈរជើងការពារប្រចាំទិសប្រាសាទព្រះវិហារ ក្នុងភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ព្រំដែនសីមាកម្ពុជា-ថៃ) ដែលចងសម្ពន័មេត្រីភាព នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

ប្រតិភូរដ្ឋបាលខណ្ឌទាំង២ (ខណ្ឌទួលគោក-ខណ្ឌ៧មករា) បើទោះបីជាមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបានភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មកចែកជូនដល់វរ:សេនាតូច៣៩៣ ចំណុះកងពលតូចអន្តរាគមន៏លេខ៩ ដែលចងសម្ពន័មេត្រីភាពឡើយ។

លោក ជា ពិសី តំណាងរដ្ឋបាលខណ្ឌទាំង២ (ខណ្ឌទួលគោក-ខណ្ឌ៧មករា) ក៏បានលើកឡើង ពីបុព្វហេតុការពារខឿនអធិបតេយ្យ បូរណៈភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ពិសេសផ្ដោតទៅលើការថ្លែងយ៉ាងម៉ឺ ងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់អំពីការមិនដោះដូរអធិបតេយ្យភាពជាតិ ជាមួយបរទេស និងការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ដោយកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារ ឯករាជ្យ អធិបតេយ្យ និងសន្តិភាព ហើយកម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់របស់កម្ពុជា ព្រោះថាកន្លងមក មានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជាធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាព ជាមួយជំនួយបរទេស ដែលជាទង្វើមានចេតនាធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាម ដូចអតីតកាល និងបណ្តាប្រទេសមួយចំនួន។

មេបញ្ជាការវរសេនាតូច៣៩៣ ចំណុះកងពលតូចអន្តរាគមន៏លេខ៩ បានលើកឡើងបង្ហាញពីស្ថានភាពតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងគួរកត់សម្គាល់ឡើយ ក្នុងការអនុវត្តតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្មារតី ការពារអធិបតេយ្យបូរណៈ ភាពទឹកដី និងការខិតខំជំរុញការលើកកម្ពស់ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យកាន់តែប្រសើរឡើង៕