(ភ្នំពេញ)៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានបង្ហាញពីឆន្ទៈចង់ឃើញប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់បណ្តាញសង្គមដោយភាពត្រឹមត្រូវ និងថ្លៃថ្នូរ ពោលគឺមិនធ្វើសកម្មភាពបំពុលសង្គមឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ជឹម បានគាំទ្រដល់សមត្ថកិច្ច ដែលកន្លងមក បានហៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលប្រើប្រាស់ពាក្យអសុរស និងជេរប្រមាថ ដើម្បីមកណែនាំ និងអប់រំ។ ទោះជាយ៉ាងនេះក្តី លោកចង់ឃើញសមត្ថកិច្ច ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីកុំឲ្យសកម្មភាពអាក្រក់ៗទាំងនោះ ជះឥទ្ធិពលដល់សង្គម ជាពិសេសប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ។

លោក អ៊ុន ជឹម តែងតែថ្លែងសារប្រាប់អ្នកគាំទ្រខ្លួន ឲ្យចេះរស់នៅក្នុងសង្គមដោយសន្តិភាព និងភាពថ្លៃថ្នូរ។ អ្នកនយោបាយរូបនេះ ក៏បានចាត់ទុកថា បុរសម្នាក់រហ័សនាម «គ្រូតឿ» ដែលទទួលទានលាមកគោ ដើម្បីទាញចំណាប់អារម្មណ៍ និងប្រយោជន៍ក្រុមរបស់គាត់ គឺជាសកម្មភាពបំពុលសង្គមផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សូមគាំទ្រដល់សមត្ថកិច្ចខេត្តកណ្តាល ដែលបានធ្វើការឃាត់ខ្លួន និង ធ្វើការអបរំដល់ជនបំពុលសង្គម។ ប៉ុន្តែនេះជាការបង្ក្រាបជ្រុងមួយដ៏តូចបំផុត។ នៅមានអ្នកបំពុលសង្គម បំពុលវប្បធម៌ និង បំពុលសាសនាជាច្រើនទៀត ដែលកំពុងបំពុលតាមបណ្តាញសង្គមអនឡាញ»

លោកបន្តថា «ខ្ញុំបាទសូមស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និង ក្រសួងធម្មការ មេត្តាបិទ Page ពួកគេ និងបង្ក្រាបជនបំពុលសង្គមមានដូចគ្រូសិល្ប៍ បារមី គ្រូហោរាសាស្រ្ត អ្នកលក់ប្រដាប់ភេទ អ្នកលក់ថ្នាំប៉ូវកម្លាំង និង អ្នកនិយាយរឿងកេរ្តិ៍ខ្មាសជាចំហរ ព្រោះរឿងទាំងអស់នេះផ្សាយជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កុមារាកុមារីខ្លាំងណាស់»

សូមជម្រាបថា ថ្មីៗនេះ បុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

កន្លងមក សមត្ថកិច្ចក៏ធ្លាប់ហៅបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម ដោយភាពមិនត្រឹមត្រូវ មកណែនាំ និងអប់រំផងដែរ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ រឿងដែលគេមិនភ្លេចនោះ គឺលោក វ៉ាន់ សុខសីហា ហៅ អគ្គីនេត្រ ជាអ្នកលេងបណ្តាញសង្គម Facebook ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតតទៅទៀត ក្រោយបុគ្គលរូបនេះ បានបំផុសថា ខ្លួនមានយ័ន្តអាចការពារជំងឺ COVID-19 ៕