(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថាខ្លួននឹងមិនអនុញ្ញាតឱ្យ រថយន្តឡើងសេរី ឬកែច្នៃខុសទ្រង់ទ្រាយដើម ចូលឆៀក និងធ្វើផ្លាកលេខទៀតឡើយ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ ចំពោះរថយន្តដែលបានកែច្នៃ ដំឡើងម៉ូដែលរថយន្ត ខុសលក្ខណៈ ដោយគ្មានការអនុញ្ញាតពីក្រសួង។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅ លើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទថា៖

* ទី១៖ រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានដូចជា៖ ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

* ទី២៖ យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖