(ភ្នំពេញ)៖ បច្ចុប្បន្ននេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា មានជនភៀសខ្លួន និងជនសុំសិទ្ធិជ្រកកោន ចំនួន៤៦ករណី មនុស្ស៨០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សខាងលើ មានអ្នកដែលទទួលបានឋានៈជាជនភៀសខ្លួន មានចំនួន៣៧ករណី មនុស្ស៦៤នាក់ (ស្រី១៥នាក់) មាន៨សញ្ជាតិ និងជនសុំសិទ្ធិជ្រកកោនមានចំនួន ៩ករណី មនុស្សចំនួន១៦នាក់(ស្រី៨នាក់) មាន៦សញ្ជាតិ។

បន្ថែមពីនេះ មានជនសុំសិទ្ធិជ្រកកោនដែលធ្លាក់ឋានៈ ជាជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម នៅសល់ជាក់ស្តែង ចំនួន៨ករណី មនុស្ស១២នាក់ (ស្រី២នាក់) កំពុងរស់នៅកម្ពុជា។ ខណៈបុគ្គលិកអង្គការមូលនិធិអាស៊ី ជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារកំពុងស្នាក់នៅកម្ពុជា មានចំនួន៤៦គ្រួសារ មនុស្ស១៩៥នាក់ (ស្រី១០១នាក់)។

គួរជម្រាបថា ដោយសារវិបត្តិសេដ្ឋកិច្ច បង្កឲ្យមានចលនាភៀសខ្លួនទៅរកទីសុវត្ថិភាព និងទីកន្លែងទទួលបាននូវជីវភាពប្រសើរ។ ទោះបីកម្ពុជា ពុំមែនជាទិសដៅរបស់ជនភៀសខ្លួនទាំងនោះទេ ពួកគាត់ជ្រើសរើសទ្វីបអឺរ៉ុប ជាទិសដៅចុងក្រោយ ប៉ុន្តែក៏នៅមានការជ្រើសយកប្រទេសកម្ពុជាជាគោលដៅដំបូង ដើម្បីទទួលបានឋានៈជាជនភៀសខ្លួន សម្រាប់គោលដៅបន្ទាប់។

ហេតុនេះជានិច្ចកាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្តាប់តាមដានព័ត៌មានស្តីពីចលនាជនភៀសខ្លួនក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ ក្នុងគោលដៅទប់ស្កាត់ និងដោះស្រាយសមស្របចំពោះជនបរទេស ដែលមានបំណងមកសុំសិទ្ធិជ្រកកោននៅកម្ពុជា៕