(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកទឹកចិត្តឱ្យចៅក្រម ព្រះរាជអាជ្ញា រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលធ្វើការក្នុងវិស័យយុត្តិធម៌ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមច្បាប់ ដើម្បីឱ្យស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលមានដូចជា ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងគុណភាពនៃការកាត់ក្តីជាដើម។

ការជំរុញនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ខណៈលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសមនៅទីស្តីការក្រសួងយុត្តិធម៌។

នៅក្នុងជំនួបសំណេះសំណាលនេះ, លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផល និងការចម្រើននានាក្នុងវិស័យយុត្តិធម៌រយៈពេលជិត៣០ឆ្នាំមកនេះ បន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាព ពេញលេញ។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា វិស័យយុត្តិធម៌កម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងបើប្រៀបធៀបជាមួយនឹងរយៈពេល៣០ឆ្នាំមុន ដែលនេះគឺកើតចេញពីសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបាន រួមជាមួយនឹងការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាពបន្តរបស់តួអង្គពាក់ព័ន្ធនានា ហើយក្នុងនោះអង្គចៅក្រម និងមន្រ្តីតុលាការផ្សេងទៀតក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពផងដែរ៕