(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទ នៃគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្ម អាស៊ាន ដែលហៅកាត់ថា COMPETE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់» នៅសណ្ឋាគារ Regency Angkor ក្នុងខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានក.ប.ប. និងជាសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយលោក Jürgen Lehmberg ប្រធានសមាសភាពអភិបាលកិច្ច នៃគម្រោង ICONE របស់ទីភ្នាក់ងារ GIZ។

សិក្ខាសាលានេះមានការចូលរួមពី សាខា ក.ប.ប. មន្ទីរពាណិជ្ជកម្ម មន្ទីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងខេត្តសៀមរាប និងខេត្តជុំវិញ ជាពិសេសមានការអញ្ជើញ ចូលរួមពីសំណាក់សមាជិក សភាពាណិជ្ជកម្មនិងអាជីវករ ក្នុងខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យសរុប១៥០នាក់។

លោក ផាន អូន បាន លើកឡើងថា សិក្ខាសាលានេះមានគោលបំណងជំរុញ និងលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែក នូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាន និងកំពុងកើតមានឡើងពាក់ព័ន្ធ នឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាជំរុញការយល់ដឹង ឱ្យកាន់តែទូលំទូលាយ ជូនដល់ភាគីពាក់ព័ន្ធអំពីបេសកកម្ម នៃច្បាប់ស្ដីពីការប្រកួតប្រជែង ដែលក្នុងការបង្កើត ឱ្យមានការប្រកួតប្រជែង ដោយស្មោះត្រង់ បង្កើតឱ្យមានបរិយាកាស ប្រកួតប្រជែងស្មើភាព រវាងធុរកិច្ច និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ទាំង នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈការកំណត់នូវ «វិធាន នៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះ ជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។

លោក ផាន អូន បានជម្រាបជូនអង្គសិក្ខា សាលាអំពីសារៈសំខាន់ របស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបានផ្តល់ឱកាស ក្នុងការបង្កើត សមាគមអ្នកប្រើប្រាស់ ការលើកកម្ពស់ សិទ្ធិ របស់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ អាចវិវត្តន៍ខ្លួនឱ្យក្លាយទៅជាអ្នកប្រើប្រាស់ ដែលវ័យឆ្លាត (SMART CONSUMERS) ហើយច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង នឹងបញ្ជ្រាបវប្បធម៌ នៃការប្រកួតប្រជែងដោយស្មើភាព តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការជំរុញការយល់ដឹងរបស់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ វិស័យឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ បណ្តាញ ផ្សព្វផ្សាយ និង សាធារណជន ទូទៅ លើបទប្បញ្ញត្តិ នៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាស្ថាប័នទាំងនោះ មើលឃើញពីផលប្រយោជន៍ នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងនោះផងដែរលោកប្រតិភូ ក៏បានទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ប្រើប្រាស់នូវសិក្ខាសាលានាថ្ងៃនេះ ជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរជន សភាពាណិជ្ជកម្ម សាខា ក.ប.ប. និងមន្ទីរ ក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តា ខេត្តជុំវិញ ដើម្បីពិភាក្សាលើបញ្ហានានា ដែលពាក់ព័ន្ធនឹង កិច្ចការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង ជាពិសេសគឺការផ្លាស់ប្តូរ ចែករំលែកនូវបទ ពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយ បញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ទាំងពីរនេះឱ្យមានប្រសិទ្ធភាព៕