(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបានបណ្ដេញជនបរទេស ចំនួន៣,៥៩៤នាក់ ទៅកាន់ប្រទេសរបស់ពួកគេវិញ បន្ទាប់ពីបានប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា។ នេះបើតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅបន្ដការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាត នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំងជាង៣,៥០០នាក់នេះ មាន៤៣សញ្ជាតិ ក្នុងនោះច្រើនជាងគេគឺជនជាតិថៃ ចំនួន២,៨៩៩នាក់, ចិន ចំនួន២៦៦នាក់, វៀតណាម ចំនួន១៩៤នាក់, នីហ្សេរីយ៉ា ចំនួន១០១នាក់, ឥណ្ឌូនេស៊ី ចំនួន១៩នាក់, ហ្វីលីពីន ចំនួន១៦នាក់, ម៉ាឡេស៊ី ចំនួន៧នាក់ និង៣៦សញ្ជាតិទៀត (មានពី១នាក់ ដល់៦នាក់)។

ដោយឡែក បទល្មើសបង្កដោយជនបរទេសបានរកឃើញ និងបង្ក្រាបជនបរទេសល្មើសច្បាប់ ចំនួន៨៩៦លើក ជនសង្ស័យ៤,៣១១នាក់ មាន២២សញ្ជាតិ។

គួរជម្រាបថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្នាំ២០១៤ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ២០,៨២៤នាក់ មានចំនួន១០៧សញ្ជាតិ៕