(ស្វាយរៀង)៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ពោលចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ វិទ្យាល័យស្វាយរៀង បានរៀបចំកម្មវិធី «សង្ក្រាន្តវិទ្យាល័យ»ក្នុងគោលបំណងផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងមិត្តភាពរបស់ប្អូនៗក្នុងវិទ្យាល័យ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក៏មានការចូលរួមពីសំណាក់លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងលោក យស់ ពៅ នាយកវិទ្យាល័យលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិមរតក និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

លោក យស់ ពៅ នាយកវិទ្យាល័យ បានឲ្យដឹងថា វិទ្យាល័យស្វាយរៀងបានចូលរួមគាំទ្រកម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់លើយុវជន ជួយបំផុសបំផុលស្មារតី ឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន ដោយនាំយកកម្មវិធីសប្បាយៗថ្មីៗជាច្រើនទៀតជាពិសេសគឺសិល្បៈដែលជាកេរ្តិ៍ដំណែលពីដូនតា។

លោកនាយកបន្តថា កម្មវិធី «សង្ក្រាន្តវិទ្យាល័យស្វាយរៀង» នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៍ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរ។

ជាមួយគ្នានេះ ក៏ដើម្បីផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃមិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់ នៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរ ក្រោមស្មារតីខ្មែរតែមួយ។ មិនតែប៉ុណ្ណោះក៏លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះនូវទម្រង់សិល្បៈ បែបប្រជាប្រិយប្រពៃណីខ្មែរ ព្រមទាំងការផ្សារភ្ជាប់ និងលើកទឹកចិត្តប្អូនៗ វិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធី ក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម។

សូមបញ្ជាក់ថា សង្ក្រាន្តវិទ្យាល័យស្វាយរៀង ធ្វើឡើងដើម្បីសាបព្រោះនៅទម្រង់សិល្បៈខ្មែរ ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខផងដែរ៕