(ព្រះសីហនុ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា ដើម្បីត្រួតពិនិត្យលើការអនុវត្តការងាររបស់មន្ទីថ្នាក់ខេត្ត ចំពោះផែនការសកម្មភាព ស្តីពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិតសហគមន៍ ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌរាជធានីខេត្តនីមួយៗ ឱ្យបាន១០០% ត្រឹមឆ្នាំ២០២៥។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងអភិបាលរងរាជធានីខេត្តទាំង២៥ និងជាប្រធាន ក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទ និងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងនាឱកាសនោះលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងបញ្ជាក់ថា តាមរយៈរបាយការណ៍ពីគោលការណ៍ផ្ទៀងផ្ទាត់ ODF ការចែករំលែកបទពិសោធន៍ខេត្តស្វាយរៀង កិច្ចពិភាក្សាក្រុម និងការតាំងចិត្តរបស់រាជធានីខេត្ត គឺបានរៀនសូត្រពីចំណុចខ្លាំង បញ្ហាប្រឈម និងយុទ្ធសាស្ត្រដើម្បី ធ្វើឱ្យសម្រេចបានស្ថានភាពគ្មានការបន្ទោបង់ពាស វាលពាសកាល (ODF)។

ដើម្បីឱ្យយុទ្ធសាស្ត្រ និងការតាំងចិត្តរបស់រាជធានីខេត្ត ក្នុងការសម្រេចឱ្យបានស្ថានភាពគ្មានការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះចំនួន ៣ចំណុចរួចមាន៖

យុទ្ធសាស្ត្រទី១. យុទ្ធសាស្រ្តអន្តរាគមន៍ជាក់លាក់ ៖ ដោយផ្តោតលើផែនការ ODF និងចំនួនគោលដៅ ODF ដែលត្រូវសម្រេចឱ្យបាន។ យុទ្ធវិធីដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ ODF គួរត្រូវបានបញ្ចូលក្នុងរបៀបវារៈប្រជុំសំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ពង្រឹងការគ្រប់គ្រង ទិន្នន័យ ODF , កៀគរធនធានដើម្បីសម្រេច ODF រួមទាំងពិនិត្យ លទ្ធភាព បង្កើនថវិកាវិនិយោគ និងបន្តអនុវត្តសហគមន៍ដឹកនាំអនាម័យ (CLTS)។

យុទ្ធសាស្ត្រទី២. ពង្រឹងគណនេយ្យភាពទឹកស្អាត និងអនាម័យ ៖ បង្កើនស្មារតីទទួលខុសត្រូវលើការងារអនាម័យទាំងអស់គ្នា។ យុទ្ធវិធីដើម្បីអនុវត្តយុទ្ធសាស្ត្រនេះមាន បំផុសចលនាអនាម័យស្ថាប័នថ្នាក់ក្រោមជាតិ, ដើរតួនាទីភាពជាគំរូរបស់មន្ត្រី និងភ្នាក់ងារផ្តល់សេវា, ការចូលរួមរបស់ វិស័យឯកជន ការលើកទឹកចិត្តឱ្យមាន ការចូលរួមពីវិស័យ។ ឯកជនគឺមានសារៈសំខាន់ក្នុងការជួយពន្លឿនការសម្រេចបាន ODF ដោយហេតុថាសូចនាករ ODF កម្រិតឃុំ សង្កាត់ ស្រុក ខេត្ត និងប្រទេស ត្រូវបានរាប់បញ្ចូលអនាម័យនៅកន្លែងផ្តល់សេវា ឬគ្រឹះស្ថានផ្តល់សេវាឯកជនផងដែរ មិនតែប៉ុណ្ណោះគួរបំពេញបាន៧អញ្ញ ត្រកម្មអនាម័យទៀតផង ។

យុទ្ធសាស្រ្តទី៣. សមាហរណកម្មអនាម័យទៅក្នុងសេវាកម្មរដ្ឋបាលមូលដ្ឋាន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ៖ ការដាក់បញ្ចូលកម្មវិធីកែលម្អអនាម័យទាំងការផ្លាស់ ប្តូរឥរិយាបថ អនាម័យ និងកែលម្អ ឬបង្កើនហេដ្ឋារចនាសម្ព័ន្ធអនាម័យ ជាពិសេសបង្គន់អនាម័យ និងអញ្ញត្រកម្មអនាម័យ គួរតែត្រូវបានដាក់បញ្ចូលជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍សហគមន៍ និងគម្រោងអភិវឌ្ឍន៍អភិវឌ្ឍន៍ដទៃទៀតក្រៅពីសុខភាព ដូចជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គម្រោងឆ្លើយតបបម្រែ បម្រួលអាកាសធាតុ ជាជាពិសេសគម្រោងនានាក្នុងបរិបទស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩ ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា ការផ្តល់សេវាកម្មរដ្ឋបាលមូលដ្ឋានមួយចំនួនក៏អាចភ្ជាប់លក្ខខណ្ឌឱ្យមានការកែលម្អអនាម័យ និងបង្កើតឱ្យមាន
ហេដ្ឋារចនាសម្ព័ន្ធអនាម័យ ដែលកន្លងមកខេត្តមួយចំនួនក៏បានធ្វើផងដែរ ដែលតម្រូវឱ្យអ្នកមករកសេវាលាងដៃពាក់ម៉ាស់ ឬសង់បង្គន់ ប្រើបង្គន់ ឬកិច្ចសហការពីក្រុមហ៊ុន អាជីវកម្មមូលដ្ឋានដើម្បីចូលរួមសង់បង្គន់អនាម័យសាធារណៈសម្រាប់ទាំងអស់គ្នាជាដើម ។

លោកបណ្ឌិត ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏លើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាកំណត់ ជម្រើស នានា ក្នុងការដាក់បញ្ចូលកម្មវិធីកែលម្អអនាម័យ នៅក្នុងគម្រោងទាំងនោះ ដូចជាការផ្សព្វផ្សាយការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអនាម័យ និងអញ្ញត្រកម្មអនាម័យ នៅក្នុងគម្រោងមួយចំនួនដូចជា៖ គម្រោងផ្លូវលំជនបទ, គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ, គម្រោងសាងសង់ ហេដ្ឋ រចនាសម្ព័ន្ធ សាធារណៈផ្សេងៗ ទៀតដូចជា សាលាឃុំ អគារសាលារៀន, គម្រោងឆ្លើយតបបម្រែបម្រួលអាកាសធាតុ, គម្រោងកែលម្អស្ថានភាពអាហារូបត្ថម្ភកុមារ និងគម្រោងផ្សេងពាក់ព័ន្ធ ការស្តារសេដ្ឋកិច្ច ក្រោយកូវីដផងដែរ៕