(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះផ្តល់ប័ណ្ណកម្មសិទ្ធិ ឬវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ចំនួន២,៦៧១ក្បាលដី ប្រគល់ជូនប្រជាពលរដ្ឋនៅភូមិរនេស និងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា ក្នុងរបាយការណ៍ថា ការចុះអនុវត្តលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែប ត្រូវបានចែកចេញជាពីរក្រុមដែលមានសមាសភាព ចំនួន១១រូប ក្នុង១ក្រុម ដែលក្រុមទី១ កំពុងចុះអនុវត្តការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប និងក្រុមទី២ កំពុងអនុវត្តនៅក្នុង ស្រុកដំណាក់ចង្អើរ។

លោកប្រធានមន្ទីរ បានបន្ថែមថា មកដល់ពេលនេះ មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន១៥ភូមិ ដោយ៦ភូមិ នៅក្នុងក្រុងកែប និង៩ភូមិទៀតនៅក្នុងស្រុកដំណាក់ចង្អើរ ក្នុងនោះបានវាស់ចប់សព្វគ្រប់ បានចំនួន១៤ភូមិហើយ នៅសល់តែភូមិចំការបីមួយទេ ដែលមន្ទីរគ្រោងនឹងរៀបចំពិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពាក់កណ្ដាលខែមេសានេះ។

សម្រាប់ភូមិរនេស ដែលបានវាស់វែងរួចនេះមានចំនួន១,៣៤៤ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្ម ចំនួន៤៥០ក្បាលដី ប្រភេទដីលំនៅឋាន ចំនួន៨៨៨ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន៥១ក្បាលដី។ ដោយឡែក ភូមិព្រៃតាកុយ មានក្បាលដីសរុប១,៣២៦ក្បាលដី ក្នុងនោះដីកសិកម្ម៥២៦ក្បាលដី ដីលំនៅឋាន៨០០ក្បាលដី និងដីគ្មានទិន្នន័យ ៦៣ក្បាលដី។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលេីកឡេីងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយគ្នានេះ ការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ត្រូវបានដោះស្រាយជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពីមុនមកប្រជាជន មិនមានប័ណ្ណកម្មសិទ្ធដីធ្លីឡើយ ធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់ដីឲ្យអស់សក្តានុពល ដើម្បីទាញផលប្រយោជន៍ ពីដីធ្លីនោះឡើយ។ តាមរយៈការអនុវត្តចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋក្នុងខេត្តកែប ចំនួន១៥ភូមិ បានទទួលប័ណ្ណកម្មសិទ្ធរួចរាល់។ ដោយឡែក ថ្ងៃនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ ភូមិរនេស និងភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបបន្តទៀត។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ និងអប់រំដល់កូនចៅ និងយុវជនក្នុងសហគមន៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង បងធំបងតូច និងមិនត្រូវជឿពាក្យញុះញង់ អុចអាល របស់ជនខិលខូចអូទាញ បង្កអសន្តិសុខដល់សង្គមជាតិឡើយ៕