(ព្រៃវែង)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូ ស្រុកតាំងបៀង នៃខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់រដ្ឋបាលស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីនោះដែរក៏មានការចូលរួមពីលោក ប៉ុក ឆុន ប្រធានក្រុមប្រឹក្សា ស្រុកកំចាយមារ និងលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ព្រមទាំងមន្ត្រីរាជការកងកម្លាំងទាំងបី និងគណៈប្រតិភូវៀតណាម មានលោក ហ៉ិន មិនលី អនុប្រធានលេខាបក្សស្រុកតាំងបៀង រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។

លោក សឿង សុជាតិ បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុង ស្រុកកំចាយមារទាំងមូល បានសម្ដែងនូវគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់គណៈប្រតិភូស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម ដែលបានជូនពរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅស្រុកកំចាយនាពេលនេះ។

លោកអភិបាលស្រុក បានបន្តទៀតថា វត្តមានរបស់គណៈប្រតិភូស្រុកតាំងបៀង ខេត្តតៃនិញ សរបញ្ជាក់ពីការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ តាំងពីយូរលង់ណាស់មកហើយ ដែលមានប្រពៃណីជួយគ្នាទៅវិញទៅមក ក្នុងការរំដោះប្រទេសជាតិ ចេញពីរបបអាណានិគមនិយម ជាពិសេស ការរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងនោះគណៈប្រតិភូប្រទេសទាំងពីរ ក៏បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ដើម្បីទុកជាចំណងដៃក្នុងការអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕