(បាត់ដំបង)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាពិគ្រោះ យោបល់លើកទី៧ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាមួយមន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិ នៅខេត្តបាត់ដំបង។

កិច្ចពិគ្រោះយោបល់លើកទី៨នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី មកពីស្ថាប័ននានានៅជុំវិញមន្ទីរនានា នៅក្នុងខេត្តបាត់ដំបង។ កិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តិធ្វើនៅសាកលវិទ្យាល័យជាតិបាត់ដំបង។

សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីមន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោក ខូយ រីដា បានផ្តាំផ្ញើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យខិតខំពិនិត្យ និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីធ្វើឱ្យច្បាប់នេះកាន់តែល្អប្រសើរឡើង។ លោក កែវ រ៉េមី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិស័យសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។ សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងរវាង គ.ស.ម.ក ជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណជនទូទៅតាមរយៈហ្វេសហ៊ុកផេក https://www.facebook.com/chrc.gov.kh/ និង Telegram Channelមានឈ្មោះថា https://t.me/comment_on_NHRC_Law តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។

ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។

អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលចំពោះមាត្រា និងជំពូកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕ Facebook (https://www.facebook.com/chrc.gov.kh/)