(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានចេញសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ»។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ដែលគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម រួមគ្នារៀបចំ និងលើកយកប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីបំផុស និងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ ឱ្យគាំទ្រនិងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេសក្នុងបរិបទបច្ចុប្បន្ន ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

សម្តេចតេជោបានបន្តថា ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ ក៏ដូចជាការត្រៀមលក្ខណៈឈាន ទៅអនុវត្តផែនការសម្របខ្លួនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ ឆ្នាំនេះក៏ដូចជាពីរឆ្នាំកន្លងមកដែរ ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ទាល់នៅតាមទីសាធារណៈនានា នៅក្នុងកម្ពុជា ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលរស់នៅ ឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញពីភាពសម្បូរបែប នៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារឹម។ល៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖