(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ កម្លាំងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រៀបចំក្រុងពាលី សុំសេរីសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំឆ្នាំថ្មីព្រៃវែង ឱ្យប្រព្រឹត្តទៅបានដោយរលូន នៅសួនសម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៉ីម ភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត និងលោកស្រីសូមបួងសួងដល់បារមីទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំឆ្នាំថ្មីនេះ គង់នៅចាតុម្មហារាជិកា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមចំណែកដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ និងសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រៃវែង។

ចំពោះការប្រារព្ធពិធីចូលឆ្នាំថ្មីព្រៃវែងឆ្នាំ២០២២នេះ មានការរៀបចំដូចជា៖ ក្រុងពាលី, កម្មវិធីសាសនា, ការតាំងពិព័រណ៍, កម្មវិធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២២, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំខ្សាច់ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីបង្ហោះគោមជាដើម។

សូមបញ្ជាក់ផងដែរថា ចំពោះព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕