(ភ្នំពេញ)៖ អ្នកជំនាញបានលើកឡើងថា ការចាត់ចែងហិរញ្ញវត្ថុក្នុងគ្រួសារមានសារៈសំខាន់ ដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាន និងជៀសវាងហានិភ័យ ដែលកើតឡើងនាពេលអនាគត ដូចជា មិនធ្លាក់ចូលទៅក្នុងបំណុល វ័ណ្ឌ.ក នាំឱ្យបាក់ទឹកចិត្តក្នុងការស្វែងចំណូល និងបាត់បង់គោលដៅ នាពេលអនាគត។

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល បានលើកឡើងថា ដើម្បីចាត់ចែងហិរញ្ញវត្ថុឱ្យបានល្អ ត្រូវចាប់ផ្តើមសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង ហើយចាប់ផ្តើមកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ កំណត់ប្រភេទចំណូល ចំណាយរបស់ខ្លួនឱ្យបានច្បាស់
និងចាប់ផ្តើមវិភាគទៅលើអ្វី ដែលខ្លួនបានកត់ត្រា ដើម្បីឈានទៅដាក់គោលដៅ និងផែនការ ក្នុងការសម្រេចវាឱ្យបាន។

លោកបន្តថា ទន្ទឹមនឹងការមានផែនការច្បាស់ អ្វីដែលសំខាន់ត្រូវការវិន័យមួយចំពោះខ្លួនឯង និងគ្រួសារក្នុងការប្រើប្រាស់ថវិកា កុំឱ្យទិញអ្វីតាមដែលការនឹកឃើញផងដែរ។

កញ្ញា ងួន សុភី អ្នកគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលជាន់ខ្ពស់នៅធនាគារ RHB លើកឡើងថា ប្រសិនបើគ្រួសារមួយចាត់ចែងហិរញ្ញវត្ថុមិនបានត្រឹមត្រូវ នឹងប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារ និងសង្គម ប៉ះពាល់ដល់ការរៀបចំគោលដៅ។ នៅពេលដែលមានការចាយវាយមិនច្បាស់លាស់ ធ្វើឱ្យយើងស្វែងរកប្រភពចំណូលផ្សេងៗមកទូទាត់ ដូចជាការស្វែងកម្ចីបន្ថែមជាដើម ដែលនាំឱ្យកាន់តែកើនចំណាយ ធ្លាក់ចូលទៅក្នុងបំណុលដែលមិនអាចងើបរួច បណ្តាលឱ្យមានការបាក់ទឹកចិត្ត ក្នុងការរស់នៅ លែងចង់ប្រកបរបររកស៊ី ឬធ្វើការជាដើម។

កញ្ញាបន្តថា សម្រាប់អ្នកដែលចង់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានល្អ និងត្រឹមត្រូវ គួរសួរខ្លួនឯងនូវសំណួរមួយចំនួនដូចជា តើគោលដៅ ឬបំណងដែលយើងចង់បានមានអ្វីខ្លះ? តើបច្ចុប្បន្ននេះយើងស្ថិតក្នុងកម្រិតណា? អ្វីដែលគួរធ្វើមុន និងអ្វីដែលគួរធ្វើបន្ទាប់? តើយើងមានអ្វីសម្រាប់ការពារហានិភ័យនាពេលខាងមុខ? ជាដើម។

កញ្ញាកត់សម្គាល់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា ហាក់យល់ដឹងច្រើន អំពីការចាត់ចែងហិរញ្ញវត្ថុនៅក្នុងគ្រួសារ ជាពិសេសការសន្សំ ដោយប្តូរពីការសន្សំបែបប្រពៃណី មកជាការសន្សំក្នុងប្រព័ន្ធធនគារវិញ។ ជាក់ស្តែង គិតមកទល់បច្ចុប្បន្ននេះ ចំនួនគណនីនៅក្នុងធនាគារ បានកើនឡើងរហូតដល់ជិតលានគណនី ដែលជាមធ្យមនៅក្នុងមួយគ្រួសារមួយ មានចាប់ពី២ ទៅ៣ គណនី ៕