(កំពត)៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើន។

លោកថ្លែងនៅក្នុងពិធីសម្ភោធផ្លូវបេតុងមួយខ្សែប្រវែង ២០០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ ឆ្ពោះចូលទៅកាន់វត្ត រួមនឹងសមិទ្ធផលនានាក្នុងវត្តសិរីធានី ស្ថិតក្នុងភូមិគគីរ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីៗដែលកើតមានសព្វថ្ងៃ និងមានការជួបជុំគ្នាធ្វើបុណ្យសប្បាយរីករាយនាពេលនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយក៏ជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ ព្រោះនេះជាមរតកប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំរកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាង យកអាយុជីវិតទៅប្ដូរ រហូតឈានដល់មានការបង្រួបបង្រួមជាតិ តាមរយ:ការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងការស្ដារកសាងប្រទេសជាតិមាតុភូមិ ពីបាតដៃទទេចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩»

យោងតាមរបាយការណ៍សាងសង់ បានឱ្យដឹងថា សមិទ្ធិផលដែលធ្វើពិធីបុណ្យឆ្លង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានផ្លូវបេតុងចូលវត្តប្រវែង ២.០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយអស់ទឹកប្រាក់ចំនួន ២៣ម៉ឺនដុល្លារ រួមនឹងការចាក់ដីបំពេញទីធ្លាវត្ត ការចាក់បេតុងក្នុងបរិវេណវត្ត ការកសាងរូបសំណាកសត្វឆ្នាំទាំង១២ ខឿនព្រះពោធិព្រឹក្ស ព្រះពុទ្ធរូប បន្ទប់អនាម័យ ផ្ទះបាយ អាងទឹក ស្រះទឹក ទីចាត់ការសាលាបឋមសិក្សាសិរីធានី ខ្ជុះអង្គុយលេង ដែលចំណាយថវិកាសរុបអស់ចំនួន ៥២ម៉ឺន ៧ពាន់ ៧៧ដុល្លារ។ បច្ចុប្បន្នកំពុងបន្តកសាងសាលាធម្មសភាមួយខ្នងបន្ថែមទៀត ដែលមានបណ្ដោយ ៣៦ម៉ែត្រ ទទឹង ៣៣ម៉ែត្រ ទើបតែសម្រេចលទ្ធផលបានប្រមាណ ៣០ភាគរយប៉ុណ្ណោះ។

លោករដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះ សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងទីអារាមវត្តសេរីធានីនេះ ដើម្បីរួមគ្នាជ្រោងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើនបន្តបន្ទាប់។

នាឱកាសនោះ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវជ្រើសរើសតំណាងរបស់ខ្លួន ដែលតែងតែជួយទុក្ខធុរៈ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងមានការអភិវឌ្ឍក្នុងមូលដ្ឋានមានការរីកចម្រើនពីដើមរៀងរហូតមក។

ក្នុងឱកាសនោះគណៈអធិបតី ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃសម្រាប់បន្តការអភិវឌ្ឍសមិទ្ធិផលនានាក្នុងវត្តបន្តទៀត ចំនួនជាង ១ម៉ឺន ២ពាន់ ៤រយដុល្លារ ជាការចូលរួមពីសប្បុរសជនក្នុងគ្រុបបណ្តាញសង្គមអ្នកឧកញ៉ា ប៉ោ សំអឿន និងលោកឧកញ៉ា ថាច់ សុខវិជ័យ ។

ទន្ទឹមនឹងនោះក៏មានសម្លៀកបំពាក់ ជាអំណោយរបស់អ្នកឧកញ៉ា ប៉ោ សំអឿន, សារុង ក្រមា និងថាវិកាមួយចំនួនជាការចូលរួមឧបត្ថម្ភពីលោក នួន ប៊ុនថេត សម្រាប់ចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា និងជូនថវិកាដល់កងកម្លាំងការពារក្នុងមូលដ្ឋានផងដែរ៕