(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុងព្រះសីហនុ បានបង្ក្រាបជនជាតិវៀតណាមម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះនៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ។

ឧត្តមសេនីយ៍ទោ បានឱ្យដឹងថា នាវេលាម៉ោងប្រហែល២២៖០០នាទី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋដែលជាម្ចាស់កាបូប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖ មានជនសង្ស័យបានឆក់កាបូបរបស់គាត់ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារដែលបាត់បង់រួមមាន៖ កាបូបយួដៃ ម៉ាក LV ចំនួន ០១, កាបូបលុយតូច ម៉ាក POLO ពណ៌ខ្មៅ ចំនួន០១, កូនសោរថយន្ត ចំនួន ០១, សម្គាល់ខ្លួននិងកាតធនាគារមួយចំនួន, លុយអាមេរិក ចំនួន៩០០ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO) និងលុយខ្មែរ ចំនួនប្រហែល៦លានរៀល (នៅក្នុងកាបូបយួដៃម៉ាក LV)។

លោកស្នងការបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងល្បាតបានធ្វើការស្រាវជ្រាវចេញពួនស្ទាក់ រហូតកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បានជនសង្ស័យម្នាក់ នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន)។

សម្ភារដែលដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ចំនួន ៣គ្រឿង ទូរស័ព្ទ iPhone (ជារបស់ជនសង្ស័យ), ទូរស័ព្ទ OPPO និង Samsung (ជារបស់ជនរងគ្រោះ), ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព), លុយខ្មែរ ប្រហែល២០ម៉ឺនរៀល, លុយអាមេរិក ប្រហែល ៨៦០ដុល្លារ ក្នុងនោះ ជារបស់ជនរងគ្រោះ ៨០០ដុល្លារ, កូនសោររថយន្ត ចំនួន១ (របស់ជនរងគ្រោះ), អត្តសញ្ញាណប័ណ្ណ ១សន្លឹក (របស់ជនរងគ្រោះ), កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ), កាតសមាជិកបក្សប្រជាជន ចំនួន១ (របស់ជនរងគ្រោះ), ប័ណ្ណ ប.ស.ស ចំនួន១ (របស់ជនរងគ្រោះ), ប័ណ្ណបើកបរ ចំនួន១ (របស់ជនរងគ្រោះ), កាតចាក់វ៉ាក់សាំង ចំនួន១ (របស់ជនរងគ្រោះ), លិខិតឆ្លងដែន ចំនួន១ក្បាល។

បច្ចុប្បន្ននេះ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តនីតិវិធីជំនាញ៕