(កែប)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តកែប ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី សំ សារីន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកែប, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកែប ជាច្រើនរូបផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តកែប ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។ ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

លោកបណ្ឌិត ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

ជាមួយគ្នានោះ លោកបណ្ឌិត ក៏បានលើកថា អង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC ដែលមាន ប្រទេស៥៧ប្រទេស ជាសមាជិក និងមានប្រជាជន ជាងពីរពាន់លាននាក់ បានកោតសរសើរពីការដឹកនាំប្រទេសដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។ លោកបន្តថា ដូចឧទាហរណ៍ស្រាប់នូវអ្វីដែលកើតឡើងចំពោះប្រទេស អ៊ុយក្រែន ដោយសារខ្វះសន្តិភាព សព្វថ្ងៃប្រជាជនរស់នៅក្នុងភាពភ័យខ្លាច បែកបាក់គ្រួសារ និងបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិផ្សេងៗជាច្រើនផងដែរ៕