(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហាមទុកជាមុនកុំឱ្យមានការវិភាគថា ការធ្វើអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ គឺជាការពង្រឹងសមត្ថភាពយោធាចិននៅកម្ពុជា។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សូមក្រុមអ្នកវិភាគទាំងឡាយ តិចមានការវិភាគថា អានេះ ជាមូលដ្ឋានចុះយន្តហោះចិន។ កុំនាំគ្នាវិភាគអាធន់ហ្នឹងណា! បើគេចង់ចុះ និយាយឲ្យត្រង់ គេចុះនៅឯណាក៏បានដែរ។ បើគេចង់ចុះ ឧបមាថា គេបើកប្រតិបត្តិការយោធា គេចុះនៅឯណាក៏បានដែរ។ សង្ឃឹមថា អ្នកវិភាគ ឬអ្នកធ្វើអត្ថាធិប្បាយ ចាត់ទុកថា អាកាសយានដ្ឋាននេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិន នៅក្រៅប្រទេស នៅក្នុងប្រទេសកម្ពុជានេះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាមិនត្រូវការកងទ័ពបរទេសនោះទេ គឺត្រូវការតែអ្នកទេសចរបរទេសតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កា ដែលកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។ នៅពេលអាកាសយានដ្ឋាននេះ សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ៕