(សៀមរាប)៖ ថ្លែងចេញពីភាគឧត្ដរ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា កម្ពុជាមិនត្រូវការកងទ័ពបរទេសដើម្បីមកបោះទីតាំងនៅក្នុងប្រទេសនោះទេ គឺត្រូវការតែអ្នកទេសចរបរទេសប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានសៀមរាប-អង្គរ ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានអះអាងច្បាស់ៗថា កម្ពុជា មិនល្ងង់រហូតដល់ឲ្យទឹកដីរបស់ខ្លួនក្លាយជាទីតាំងកងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បីកុំឲ្យអ្នកវិភាគមួយចំនួន ចេះតែវិភាគដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬវិភាគឲ្យតែបានហៅថាអ្នកវិភាគ ពាក់ព័ន្ធដំណើរការសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ដែលទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនចិន និងគម្រោងផ្សេងទៀត ដែលកម្ពុជាកំពុងធ្វើការជាមួយភាគីចិន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «កម្ពុជាមិនល្ងង់រហូតទៅដល់ឲ្យទឹកដីរបស់ខ្លួនបោះកងទ័ពបរទេស ខុសពីធម្មនុញ្ញរបស់ខ្លួន ហើយយកទ័ពបរទេស កងទ័ពចិនមកដាក់ស្រុកខ្មែរដើម្បីអី។ យោធាបរទេសនៅបាន ប៉ុន្ដែនៅក្នុងឋានៈជាអនុព័ន្ធយោធា យើងអត់ត្រូវការទីប្រឹក្សាយោធាបរទេសនៅស្រុកខ្មែរទេ»

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតផ្ដាំផ្ញើដល់អ្នកវិភាគដែលជាជនជាតិខ្មែរ ឬខ្លះមានជាជនជាតិបរទេស ប្រយ័ត្នរង់ការស្ដីបន្ទោសពីសម្ដេច ក្នុងករណីវិភាគខុសរឿង ពាក់ព័ន្ធព្រលានយន្ដហោះនៅខេត្តសៀមរាបនេះ ហើយសម្ដេចសង្ឃឹមថា អ្នកវិភាគមិនវិភាគទៅជ្រុលហួស រឿងអនុញ្ញាតឲ្យមានការបោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា ពិសេសនៅពេលសាងសង់ព្រលានយន្ដហោះថ្មីម្ដងៗ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីយុទ្ធសាស្ដ្រយោធាប្រាប់ទៅអ្នកវិភាគទាំងអស់នោះថា ក្នុងករណីយន្ដហោះកងទ័ពបរទេស ចង់បើកប្រតិបត្តិការយោធានៅកម្ពុជា មិនចាំបាច់អីត្រូវសាងសង់អាកាសយានដ្ឋានថ្មីនោះទេ ពោលប្រើប្រាស់ទីតាំងដែលមានស្រាប់រួចបាត់ទៅហើយ ប៉ុន្ដែកម្ពុជា មិនមានតម្រូវការបែបនេះឡើយ។

សម្ដេចក៏បានរំលឹករឿងកាលពីជួបជាមួយឯកអគ្គរដ្ឋទូតអូស្ដ្រាលី និងអនុព័ន្ធយោធាអូស្ដ្រាលី កាលពីថ្មីៗនេះដែរថា ក្នុងជំនួបនោះសម្ដេចបានបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ដ្រាលីថា កម្ពុជាមិនត្រូវការកងទ័ពបរទេស ហើយក៏មិនត្រូវការទីប្រឹក្សាយោធាបរទេសនោះដែរ កម្ពុជាអនុញ្ញាតឲ្យតែអនុព័ន្ធយោធានៅតែប៉ុណ្ណោះ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ស្វាគមន៍គ្រប់យន្ដហោះបរទេសទាំងអស់ ដែលចង់ចុះចត ក្នុងក្របខ័ណ្ឌទេសចរណ៍ ដោយគ្មានការរើងអើស ឬកំណត់ប្រទេសនោះទេ។ ចំណុចនេះសម្ដេចបានបញ្ជាក់ច្បាស់ៗថា អាកាសយានដ្ឋានទាំងអស់របស់កម្ពុជា គឺបម្រើឲ្យវិស័យទេសចរណ៍ និងដឹកជញ្ជូន។

គួរជម្រាបថា ការប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អ្នកវិភាគពាក់ព័ន្ធការអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសបោះទីតាំងនៅកម្ពុជានោះ មិនមែនជារឿងថ្មីនោះទេ ពោលកន្លងទៅសម្ដេចក៏ធ្លាប់ប្រតិកម្មដូចនេះដែរ នៅពេលអ្នកវិភាគទាំងនោះ និយាយអ្វីដែលមិនមែនជាការពិត និងមិនមានមូលដ្ឋានច្បាស់លាស់៕