(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់យោបល់ណែនាំរៀបចំយាងព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមព្រះទីនាំងមកចុះចតនៅព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប ឱ្យបានមុនគេបន្ទាប់សាងសង់់និងដាក់ឱ្យដំណើរជាផ្លូវការ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់យ៉ាងដូច្នេះថា៖ «មុនចូលឆ្នាំថ្មីថ្ងៃនេះយើងមកពិនិត្យ ហើយសង្ឃឹមឆ្នាំក្រោយថា ខ្ញុំគិតថាបន្ទាប់ពីការចុះចតសាកល្បងរួចហើយ ខ្ញុំក៏នឹងធ្វើដំណើរតាមរយៈយន្តហោះពិសេសចុះចត នៅហ្នឹង ហើយប្រហែលពេលនោះយល់ល្អយាងព្រះមហាក្សត្រ ដើម្បីព្រះអង្គអាចចុះចតបានមុន សម្រាប់ព្រលានយន្តហោះសៀមរាបថ្មីរបស់យើង»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា វិនិយោគនៅទីនេះ គ្រាន់តែវិនិយោគលើផ្លូវជាង ១១០លានដុល្លារ គ្រាន់តែធ្វើផ្លូវ ដើម្បីធានាពីបញ្ហានៅលើផ្លូវសម្រាប់ការចុះចត និងការធ្វើដំណើរដល់ទីក្រុងសៀមរាប ដូច្នេះហើយត្រូវមានផ្លូវហាយវេមួយចេញទៅផ្លូវជាតិលេខ៦ ដែលនឹងត្រូវភ្ជាប់ប្រមាណ ១៥គីឡូម៉ែត្រទៀត។

ដើម្បីឱ្យដំណើរចុះចត និងការធ្វើដំណើរកាន់តែមានភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរនានានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំជំនួយឥតសំណង់ទៅមិត្តចិនតែម្តង ដើម្បីជួយស្ថាបនាផ្លូវមួយខ្សែនេះតភ្ជាប់ពីព្រលានយន្តសៀមរាបថ្មីនេះ មកទីក្រុងសៀមរាប។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងកោតសរសើរអាជ្ញាធរខេត្តសៀមរាប ដែលបានខិតខំសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។ បន្ថែមពីនេះសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយ ជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប៕