(សៀមរាប)៖ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដល់ពេលវេលាហើយ ដែលកម្ពុជា ត្រូវប្រកាសអំពីតារារះ នៅទិសឧត្តរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា វាល្មមដល់ពេលដែលយើងត្រូវប្រកាសថា តារារះនៅទិសឧត្តរ បន្ទាប់ពីយើងបានប្រកាសតារារះ នៅទិសនិរតី ដែលសំដៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់យើង»

សៀមរាបដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា កំពុងលេចចេញនូវសមិទ្ធផលសំខាន់ៗជាច្រើន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងដាក់ឱ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

ដោយឡែក នៅថ្ងៃទី០៤ ខែមេសា ស្អែកនេះ ខេត្តសៀមរាប ក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក។ ក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧គីឡូម៉ែត្រ, ២) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ, ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣គីឡូម៉ែត្រ, ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥០.៨៦គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។

ដោយឡែកការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង ១០១.៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខាផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ៕