(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

នៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដល់ពេលដែលកម្ពុជាប្រកាសពីតារារៈទិសឧត្តរហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានយន្តហោះគ្រប់កម្រិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានយន្តហោះ ដែលបានធ្វើជាមួយបារាំង គឺជាការយកម្ស៉ៅមួយភាគធំ ទៅគួបផ្សំជាមួយម្ស៉ៅរបស់បារាំង ធ្វើនំឱ្យខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវទូទាត់សំណងមួយចំនួនទៅក្រុមហ៊ុនបារាំង ដែលទទួលបានសិទ្ធិវិនិយោគលើអាកាសយានដ្ឋាននៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺចិន បានយកម្ស៉ៅទាំងស្រុង មកធ្វើនំជូនខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន បានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន ហើយ ៥០ឆ្នាំក្រោយ និងប្រគល់មកឱ្យខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគធ្វើអាកាសយានដ្ឋានរវាងក្រុមហ៊ុនចិន និងបារាំង គឺខុសគ្នា។ ចិន យកម្ស៉ៅធ្វើនំឱ្យខ្មែរ រីឯក្រុមហ៊ុនបារាំង គឺខ្មែរចេញម្ស៉ៅភាគច្រើន ផ្សំជាមួយម៉្សៅបារាំង ធ្វើនំឱ្យខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខកម្ពុជា ត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូ អាចចុះចតបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ហើយក៏ល្មមឱ្យកម្ពុជា ប្រកាសពីតារារះទិសឧត្តរ។

* សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាទីតាំងមួយ នៃគោលដៅរបស់សម្តេច ក្នុងការប្រែក្លាយតំបន់សង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលទទួលបាននេះមិនមែនជារឿងចៃដន្យនោះឡើយ គឺបានមកពីការខិតខំក្នុងការបញ្ចប់សង្គ្រាម តាមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពទឹកដី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាបនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ។ សម្រាប់ផ្លូវនឹងមានការធ្វើផ្លូវល្បឿនលឿនចេញព្រលាន ហើយត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានហាមទុកជាមុនកុំឱ្យមានការវិភាគថា ការធ្វើព្រលានយន្តហោះខេត្តសៀមរាប មិនមែនជាការពង្រឹងសមត្ថភាពយោធាចិន នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនត្រូវការកងទ័ពបរទេសនោះទេ គឺត្រូវការតែអ្នកទេសចរបរទេសតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយាងព្រះមហាក្សត្រតាមយន្តហោះមកចុះចតនៅព្រលានយន្តថ្មីនៅខេត្តសៀមរាប ពេលដាក់ដំណើរការ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរខេត្តសៀមរាប ដែលបានខិតខំសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៤៧នាទីនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២៕