(កំពង់ចាម)៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងភរិយា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានចែកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនដល់កម្មករ កម្មការិនី របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន៥៣នាក់ ដែលកំពុងបម្រើសេវាកម្មបោសសម្អាតប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងខេត្តកំពង់ចាម ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នាឱកាសនោះ លោក ហ៊ុន ណេង បានលើកទឹកចិត្តដល់កម្មករ កម្មការិនីក្រុមហ៊ុន ស៊ីនទ្រី ទាំងអស់ សូមយកចិត្តទុកដាក់ខិតខំបំពេញតួនាទីរបស់ខ្លួន ជាពិសេសការខិតខំបម្រើសេវាបោសសម្អាតប្រមូល និងដឹកជញ្ជូនសំរាម យកទៅទុកដាក់ឱ្យទាន់ពេលវេលា ជៀសវាងការគរចោល ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពីព្រោះថាមានតែបងប្អូនទេ ជាអ្នកកម្លាំងដ៏សកម្មក្នុងការរួមចំណែកថែរក្សាអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព នៅក្នុងក្រុងកំពង់ចាម ក៏ដូចជានៅតាមស្រុកបណ្ដាគោលដៅផ្សេងៗទៀតផងដែរ។

ក្រៅពីនោះ លោក ហ៊ុន ណេង ក៏សូមឱ្យកម្មករប្រមូលសំរាមទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពខ្លួនឯង ជាពិសេសការរៀបចំខ្លួនប្រាណឱ្យបានត្រឹមត្រូវមុននឹងចុះបំពេញបេសកកម្ម ក្នុងតួនាទីប្រចាំថ្ងៃ របស់បងប្អូននោះ។

ដោយឡែកផ្អែកតាមស្ថានភាព ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងទទួលការគម្រាមកំហែងដោយសារជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង នៅឡើយនោះ, លោក ហ៊ុន ណេង បានក្រើនរំឮកដល់កម្មករ និងក្រុមគ្រួសារក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ ត្រូវបន្តការរស់នៅតាមគន្លងថ្មី និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋនៃកម្ពុជាមន្ត្រី ជាពិសេសបន្តការយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» រួមទាំងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺនេះទាំងមូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា អំណោយជាស្បៀងអាហារ និងថវិកា ដែលលោក ហ៊ុន ណេង និងភរិយាបានឧបត្ថម្ភដល់កម្មករទាំង៥៣នាក់ គឺក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល៕