(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យប្រទានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បច្ចុប្បន្នជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកពេញសិទ្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។

ការទទួលគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោកលើកការកម្ពស់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» នៅក្នុងពិធីប្រគល់គ្រឿងឥស្សរយសជូន ជនជាតិបរទេសសម្រាប់សរទរដូវឆ្នាំ២០២០នេះ។ ពិធីនេះ ត្រូវបានពន្យារពេលដោយសារ តែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ទោះជាយ៉ាងនេះក្តី យើងខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែងដែលអាចរៀបចំពិធីដ៏ឱឡារឹកបែបនេះឡើង»

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ ក៏បានរំឮកអំពីស្នាដៃរបស់បណ្ឌិតសភាចារ្យ ស៊ន សំណាង ក្នុងការពង្រឹងទំនាក់ ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ ផងដែរ។

ស្នាដៃមួយក្នុងចំណោមស្នាដៃនានា របស់បណ្ឌិតសភាចារ្យ គឺការរួមចំណែក ពង្រឹងទំនាក់ទំនងទំនុកចិត្ត រវាងប្រទេសទាំងពីរ ក្នុងឋានៈជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ បណ្ឌិតសភាចារ្យ ស៊ន សំណាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ក្នុងការសម្រេចបានសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ និងតែងតែបង្រៀនអំពីប្រវត្តិ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរបស់ជប៉ុន ចំពោះកម្ពុជា ដល់និស្សិតកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ដូចជា រាជបណ្ឌិត្យសភាកម្ពុជាជាដើម។ បណ្ឌិតសភាចារ្យបានរួមចំណែកដល់ការពង្រឹងទំនុកចិត្តលើប្រទេសជប៉ុន នៅកម្ពុជា។

«ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានសហការជាមួយយើងខ្ញុំ ក្នុងការទទួលនិស្សិតជប៉ុនឱ្យចូលសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ បណ្ឌិតសភាចារ្យ មិនត្រឹមតែទទួលយកនិស្សិតបរទេសមកពីជប៉ុន យ៉ាងសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលឱ្យស្នាក់ផ្ទះរបស់ឯកឧត្តមផ្ទាល់ផងដែរ ទៅតាមបំណងរបស់និស្សិតទាំងនោះ។ ប្រការនេះបានជំរុញការយល់ដឹងទៅវិញទៅមករវាងប្រជាជនទាំងពីរ។ ក្នុងចំណោមនិស្សិតអន្តរជាតិដែលឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានទទួលឱ្យសិក្សា គឺមានលោក ម៉ូរី ដែលកំពុងធ្វើជាពិធីករនៅថ្ងៃនេះ និងអ្នកស្រី តាណាប ដែលបានធ្វើជាអ្នកបកប្រែនៅ ពេលឯកឧត្តម នាយករដ្ឋមន្ត្រី គីស៊ីដា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ អ្នកការទូតទាំងនោះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយការបរទេសរបស់ជប៉ុន ចំពោះប្រទេសកម្ពុជា»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ជុំវិញស្នាដៃរបស់បណ្ឌិតសភាចារ្យ ស៊ន សំណាង។

លើសពីនេះទៀត ក្នុងឋានៈជាព្រឹទ្ធបុរសដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិតសភាចារ្យ ស៊ន សំណាង បានរួមចំណែកដល់ការជំរុញការផ្លាស់ ប្តូរការសិក្សារវាងប្រទេសទាំងពីរ។ បណ្ឌិតសភាចារ្យ ក៏បានលើកកម្ពស់ការផ្លាស់ ប្ដូរជាមួយអ្នកជំនាញការជប៉ុន ក្នុងបរិបទនៃការស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាផងដែរ។ ជាពិសេសបណ្ឌិតសភាចារ្យ បានធ្វើការទំនាក់ទំនងជាប្រចាំជាមួយស្ត្រាចារ្យ អ៉ីស៊ី ហ្សាវ៉ា យូស៊ីអាគី នៃសាកលវិទ្យាល័យ សុភា ដែលបច្ចុប្បន្នបានចូលនិវត្តហើយ អស់រយៈពេល៣០ឆ្នាំ។

បន្ថែមពីនេះ ឯកអគ្គរាជទូតជប៉ុន ក៏បានរំឮកពីស្នាដៃរបស់បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមសន្និសិទអ្នកប្រវត្តិសាស្ត្រអាស៊ីលើកទី១៣ (13th Asian Historian Conference) ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ សុភា នៅឆ្នាំ១៩៩៤ ហើយនៅឆ្នាំ១៩៩៦ ដោយលោកបណ្ឌិតសភាចារ្យ បានរៀបចំ «សន្និសិទអន្តរជាតិស្តីពីការសិក្សានៅកម្ពុជា» នៅក្នុងប្រទេសកម្ពុជា ដោយសហការជាមួយសាស្ត្រាចារ្យ ម៉ីស៊ីហ្សា ដោយផ្ដល់នូវទីកន្លែងសម្រាប់អ្នកស្រាវជ្រាវមកពីជប៉ុន និងកម្ពុជា ដើម្បីធ្វើបទបង្ហាញ។ លោកបណ្ឌិតសភាចារ្យ ក៏បានរៀបចំឱកាសដើម្បីរាយការណ៍លទ្ធផលនៃសន្និសីទនេះ ថ្វាយអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ជាមួយអ្នកស្រាវជ្រាវជប៉ុន ដើម្បីបង្ហាញអំពីការរួមចំណែករបស់អ្នកស្រាវជ្រាវជប៉ុន នៅក្នុងសង្គមកម្ពុជា។ ប្រការនេះ បានរួមចំណែកយ៉ាងធំធេងដល់ការជំញរុការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ។

ថ្មីៗនេះ បណ្ឌិតសភាចារ្យ ស៊ន សំណាង បាននិយាយអំពីតួនាទីរបស់ជប៉ុនមុន និងក្រោយការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈពេលកំពុងពន្យល់បកស្រាយឯកសារប្រវត្តិសាស្ត្រផ្សេងៗ នៅពេលបង្កើតវីដេអូ ដើម្បីរំឮកខួបអនុស្សាវរីយ៍លើកទី៣០ នៃកិច្ចព្រមព្រៀសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំមុន។ ការចូលរួមចំណែកទាំងអស់នេះ របស់បណ្ឌិតសភាចារ្យ ស៊ន សំណាង បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍបន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគីជាទូទៅ ហួសពីវិស័យសិក្សាអបរំ៕