(ភ្នំពេញ)៖ បណ្ណាល័យសម្តេចម៉ែ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ហ្សាក់ ប៉ឹឡេ និងលោក ម៉ៃខល លី ប្រធានការិយាល័យនៃក្រសួងការបរទេសបារាំង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

បណ្ណាល័យសម្តេចម៉ែ គឺជាគេហដ្ឋានខ្មែរដែលសាងសង់ឡើងក្នុងសម័យអាណានិគមបារាំង។ បណ្ណាល័យនេះមានផ្ទុកឯកសារមកពីច្រើនប្រភព ក្នុងនោះក៏មានបណ្តុំឯកសារជាភាសាបារាំង។ ឯកសារជាភាសាបារាំងទាំងនេះ ដើរតួនាទីជាធនធានដ៏សំខាន់ ពីព្រោះថាឯកសារទាំងនេះគឺជាកំណត់ហេតុរៀបរាប់អំពីព្រឹត្តិការណ៍នានា នៅមុនសម័យកាលសង្គ្រាម ក្នុងអំឡុងសង្គ្រាម និងក្រោយសង្គ្រាម ដែលតម្រូវឲ្យអ្នកសិក្សាស្រាវជ្រាវ មានចំណេះដឹងភាសាបារាំងដើម្បីស្វែងយល់ និងទទួលបានព័ត៌មានទាំងអស់នេះឲ្យបានពេញលេញ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញដល់ភ្ញៀវកិត្តិយសនូវប្លង់ស្ថាបត្យកម្មសហសម័យនៃវិទ្យាស្ថានស្លឹករឹត ដែលរចនាឡើងដោយស្ថាបត្យករស្ត្រីដ៏ល្បីរន្ទឺកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ។ វិទ្យាស្ថានស្លឹករឹត គឺជាសំណង់ស្ថាបត្យកម្មរំឭកការចងចាំអំពីរបបឃោរឃៅតែមួយគត់ ដែលរចនាដោយស្ថាបត្យករស្ត្រី។ លោកបន្តថា ការប្រើប្រាស់ស្នាដៃស្ថាបត្យកម្មសហសម័យបែបទំនើបរបស់លោកស្រី ហ្សាហា ហាឌីដ គឺដើម្បីលើកកម្ពស់ តួនាទីរបស់ស្ត្រី ដែលភាគច្រើនជាអ្នករស់រានជីវិតពីរបបខ្មែរក្រហម និងជាកម្លាំងចលករដ៏ចាំបាច់ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ។ សំណង់ស្ថាបត្យកម្មនេះត្រូវធ្វើឡើងដោយស្ត្រី ដែលមានកិត្តិសព្ទល្បីល្បាញក្នុងឆាកអន្តរជាតិ។

សម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យ រាជាប្រទានការប្រើប្រាស់ព្រះនាមរបស់ព្រះអង្គជាឈ្មោះនៃបណ្ណាល័យសម្តេចម៉ែ ដែលជាផ្នែកមួយនៃសំណង់ដ៏ប្រណិតនេះ។ ទ្រង់ព្រះរាជារំពឹងថា នៅថ្ងៃណាមួយសំណង់នេះនឹងលេចវត្តមានឡើងជាស្ថាពរ។

បច្ចុប្បន្ន បណ្ណាល័យសម្តេចម៉ែ បានចែកចាយឯកសារអេឡិចត្រូនិចដ៏សំខាន់ ផ្តល់ជាព័ត៌មានប្រវត្តិសាស្ត្ររាប់លានច្បាប់ដល់យុវជន-យុវនារីកម្ពុជា ដែលមានចំនួនប្រមាណជាង ៦៥ភាគរយនៃប្រជាជនកម្ពុជាសរុប ដើម្បីសិក្សាស្រាវជ្រាវ និងយល់ដឹងឲ្យបានកាន់តែប្រសើរអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រជាជនកម្ពុជា ក៏អាចស្វែងរកនូវកំណត់ហេតុប្រវត្តិសាស្ត្រក្នុងទម្រង់អេឡិចត្រូនិច នៅតាមបណ្តាមជ្ឈមណ្ឌលឯកសារសាខាទាំងប្រាំរបស់បណ្ណាល័យសម្តេចម៉ែ ដែលតាំងទីនៅក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តតាកែវ ស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ និង កោះថ្មនៃខេត្តត្បូងឃ្មុំ។

ក្នុងអំឡុងទស្សនកិច្ចនេះ ភ្ញៀវកិត្តយស និងលោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានពិភាក្សាអំពីប្រធានបទជាច្រើនជុំវិញយុត្តិធម៌អន្តរកាល និងដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងកិច្ចការដែលត្រូវធ្វើបន្ត។ គួររំឭកថា សាធារណរដ្ឋបារាំង គឺជាសហហត្ថលេខីនៃការគាំទ្របង្កើតឲ្យមានសាលាក្តីខ្មែរក្រហម ដែលបម្រើដល់យន្តការស្វែងរកការពិត និងយុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់លាននាក់។

នៅចុងបញ្ចប់ លោកឯកអគ្គរដ្ឋទូត ហ្សាក ប៉ឹឡេ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបង្ហាញការកោតសរសើរដល់កិច្ចការចងក្រងឯកសារ ដ៏មានសារសំខាន់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបម្រើដល់ការសិក្សាស្រាវជ្រាវ និងជំរុញការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជានៅក្នុងស្រទាប់យុវជន-យុវនារីជំនាន់ក្រោយក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ៕