(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារជាមួយបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាម៉ារួចហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ លោក Pablo Kang បានគោរពជូនសម្ដេចតេជោ ហ៊ុន សែន នូវលិខិតរបស់លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោ ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ លោក Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យ នៃលិខិតរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលមានលក្ខណៈជាវិជ្ជមាន។

លោកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សេន ថា ទី១៖ អូស្ត្រាលី នឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer, ទី២៖ លោកបានជម្រាបជូនសម្តេចតេជោថា អូស្ត្រាលីនឹងបើកប្រទេសឡើងវិញ នៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ និងទី៣៖ អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Pablo Kang ចំពោះការនាំនូវលិខិតរបស់ នាយករដ្ឋមន្ត្រីអូស្ត្រាលី មកជូនសម្ដេចនៅពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា កម្ពុជាតែងតែវាយតំលៃខ្ពស់ ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលឯករាជ្យ។ ដោយឡែក អូស្ត្រាលីបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។ សម្ដេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងការបើកប្រទេសឡើងវិញ នៅ២សប្តាហ៍ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាទីបញ្ចប់ សម្តេចតេជោ លោក Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ៕