(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបំពាក់អំពូលសូឡា ជូនដល់ប្រជាពលរដ្ឋនៅភូមិរំចេក បន្ទាប់ពីទទួលបានផ្លូវបេតុងមួយខ្សែកាលពីពេលថ្មីៗនេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា អំពូលសូឡាចំនួន ២៤០គ្រឿងដែលបានបំពាក់តាមមុខផ្ទះពលរដ្ឋភូមិរំចេកនេះ គឺបានមកពីការកៀរគររៃអង្គាសថវិកាពីសប្បុរសជននានា និងការចូលរួមបដិភាគជាដងទម្រអំពូលពីសំណាក់ប្រជាពលរដ្ឋម្ចាស់ផ្ទះនីមួយៗ។ លោកថា ការងារនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងបេសកកម្មលើកស្ទួយគុណភាពជីវិតនាពេលរាត្រីរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពនៅក្នុងភូមិឃុំ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកអភិបាលស្រុកបានបន្តទៀតថា រដ្ឋបាលស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ៨លានរៀល ជាមួយរដ្ឋបាលស្រុកនៅក្នុងយុទ្ធនាការលើកនេះ ហើយថែមទាំងបានរៀបចំជាអំណោយជូនដល់ប្រជាពលរដ្ឋ មកពីភូមិរំចេកចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ជីធម្មជាតិ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ។

តាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ យុទ្ធនាការ ” ផ្ទះ១ អំពូល១ ” បានទៅដល់គ្រប់ឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីរួចហើយ គ្រាន់តែឃុំខ្លះបានគ្រប់ភូមិ ហើយឃុំខ្លះទៀតមិនទាន់បានគ្រប់ភូមិនៅឡើយ ដោយភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុងដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេប៉ុណ្ណោះ៕