(កំពង់ចាម)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន សមាជិករដ្ឋសភា និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារសាច់ញាតិមានទុក្ខជាទម្ងន់ ដោយឧបាសិកាសុធម្មាវុឌ្ឍាធម្មចារិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ា សុន ដែលត្រូវជាបងស្រីបង្កើតរបស់លោកតំណាងរាស្ត្រ ម៉ា ឈឿន បានទទួលមរណភាពនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ពិធីបូជាសពឧបាសិកា ម៉ា សុន ត្រូវបានប្រារព្ធឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកកំណើតគឺភូមិជើងឆ្នុក ឃុំតាំងគោក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមព្រះអធិបតីភាពសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

សុធម្មាវុឌ្ឍាធម្មចារិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ា សុន កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៥ នៅភូមិជើងឆ្នុក ឃុំតាំងគោក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាកូនទី២ក្នុងគ្រួសារកសិករមួយ៕