(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ហិរញ្ញប្បទាន ប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រងតំបន់ការពារធនធានធម្មជាត និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP)។

កិច្ចពិភាក្សានេះដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូមួយចំនួនផងដែរ។

គម្រោងនេះដើម្បីធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP ក្រសួងបរិស្ថានកំពុងពិចារណាលើជម្រើសហិរញ្ញប្បទានដោយចីរភាព សម្រាប់ការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការសហការរវាង ស្ថាប័នទាំងពីរនេះនឹងរួមចំណែកផ្ទាល់ដល់ការពង្រឹងសមត្ថភាពការងារធ្វើផែនការ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិនិងតំបន់ទេសភាពប្រកបដោយចីរភាព។

ការងារជាក់លាក់ដែលក្រសួងបរិស្ថានកំពុងតែអនុវត្ត មានជាអាទិ៍៖

*ពិនិត្យលើប្រភពចំណូលដែលមានស្រាប់ និងចំណុចខ្វះខាតក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា (ឆ្នាំ២០១១)
*ពិនិត្យទៅលើការសិក្សាពីតម្លៃសេដ្ឋកិច្ចដែលធ្វើកន្លងមកផ្តោតលើប្រព័ន្ធអេកូឡូស៊ីជាក់លាក់ក្នុងគម្រោង CSLEP និងកំណត់ពីប្រព័ន្ធអេកូឡូហ្ស៊ីសំខាន់ៗដែលត្រូវកំណត់ជាគោលដៅក្រោមជម្រើសហិរញ្ញប្បទានដោយចីរភាព (ឆ្នាំ២០២១)
*កំណត់ និងចាត់អាទិភាពលើយន្តការ និង/ឬ ប្រភពហិរញ្ញប្បទានដោយចីរភាពដែលមានសក្តានុពល ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ និងធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធដែលយកចងចាំចាំបាច់ (ឆ្នាំ២០២២)
*រៀបចំ និងដាក់ឱ្យអនុវត្តនូវជម្រើសហិរញ្ញប្បទានដោយចីរភាពសម្រាប់សេវាប្រព័ន្ធអេកូឡូស៊ី ដែលត្រូវបានកំណត់ (ឆ្នាំ២០២២-២០២៣)។

គោលបំណងកិច្ចពិគ្រោះយោបល់នេះ គឺបង្ហាញ និងពិភាក្សារបកគំហើយបឋមនៃការចាត់អាទិភាពលើជម្រើសហិរញ្ញប្បទានដោយចីរភាពដែលគម្រោង និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ (CSLEP) ត្រូវអនុវត្ត។ បង្ហាញ និងពិភាក្សាពីវិធីសាស្ត្រ ក្របខ័ណ្ឌសម្រាប់វិភាគ និងសេណារីយ៉ូ សម្រាប់ពិនិត្យលើយន្តការហិរញ្ញវត្ថុ ព្រមទាំងវិធានការសារពើពន្ធ/និយ័តកម្ម ដែលពាក់ព័ន្ធ ពិភាក្សាអំពីយន្តការហិរញ្ញប្បទាន/មូលនិធិដែលមានសក្តានុពល (ដូចជា មូលនិធិបរិស្ថាន និងសង្គម ជាដើម) សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង មូលនិធិ/ចំណូលដែលបានពីការអនុវត្តជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលត្រូវបានចាត់ទុកជាអាទិភាព។

សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលក្នុងនោះរួមមានទី១៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”, ទី២៖ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និងទី៣៖ តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។ ដែលគ្រប់ដណ្តប់លើតំបន់ការពារធនធានធម្មជាតិចំនួន១៤៕