(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានចេញព្រះរាជសារ ដើម្បីបើកបវេសនកាលនៃរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួម ៩៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មានចំនួន៤ រួមមាន៖
១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
២៖ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។
៣៖ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦ ។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖ លោក សត្យា វុធ, លោក សុខ ផេង និងលោក សេរី កុសល៕