(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ បានដឹកនាំមន្ត្រី ដោយមានការចូលរួមពីសំណាក់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល មន្ត្រីសាលាស្រុក និងមន្ត្រីកាកបាទក្រហមខេត្តកណ្ដាលជាច្រើននាក់ ចុះជួបសំណេះ សំណាល និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ បណ្ដាលឲ្យខូចខាតផ្ទះសំបែងចំនួន៣៨គ្រួសារ នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសសំណេះសំណាលនេះ លោក ខុន សេរីរដ្ឋា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ ថាមានពលរដ្ឋរងគ្រោះ លោកបានចាត់ចែងក្រុមការងារ ចុះជួយសង្រ្គោះដល់ពលរដ្ឋបន្ទាន់ភ្លាមៗ ដោយមិនទុកឲ្យពួកគាត់រងគ្រោះវេទនានោះទេ ពោលគឺ មានបញ្ហាភ្លាម លោកបានចុះជួយសង្រ្គោះ និងរកទីតាំងស្នាក់ នៅបណ្ដោះអាសន្នភ្លាមៗផងដែរ ដោយមិនទុកឲ្យពលរដ្ឋរងានោះទេ។

លោក គង់ សោភ័ណ្ឌ ក៏បានកោតសរសើរដល់រដ្ឋបាលស្រុកអង្គស្នួល ដែលបានយកចិត្តទុកដាក់ជួយសង្រ្គោះពលរដ្ឋរងគ្រោះភ្លាមៗទាន់ពេលវេលា និងបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។

លោកបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខ ដល់ជន ងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។ ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជាចាំជួយជានិច្ច។

លោក គង់ សោភ័ណ្ឌ ក៏បានចូលរួមសោកស្ដាយ ចំពោះប្រជាពលរដ្ឋទាំង ៣៨គ្រួសារ ដែលបានខូចខាតនៅផ្ទះសំណាក់បែកដល់បញ្ហាខ្យល់កន្ទ្រាក់ ដែលបានកើត ឡើងនាពេលកន្លងមក ហើយលោកក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំង ៣៨គ្រួសារ សូមកុំមានការអស់សង្ឃឹម ព្រោះគ្មានអ្នកណាម្នាក់ចង់ឱ្យឧបទ្ទវហេតុនេះ កើតឡើងលើខ្លួនឡើយ។

សូមបញ្ជាក់ថា អំណោយដែលពលរដ្ឋទាំង៣៨គ្រួសារទទួលបាន ក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ, ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,អាល់កុល ១ដប ,ម៉ាស់ ១ប្រអប់ ២០ម៉ឺនរៀល។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង០៨គ្រួសារ បានឧបត្ថម្ភបន្ថែមជូនក្នុងគ្រួសារនីមួយៗនូវ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល៕