(ព្រះវិហារ)៖ សមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចំនួន៣៧នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធាន ក្រុមការងារ គណបក្សខេត្ត ចុះជួយស្រុកឆែប និងមានការចូលរួមពីក្រុមការងារគណបក្ស ស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះលោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្នាក់ខេត្ត ជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់សមាជិកគណបក្សគ្រប់ៗរូប។

លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងបញ្ជាក់ជូនសមាជិកថ្មី ពីការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសកម្ពុជា តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកថា បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះទេ ប្រទេសជាតិមិនបានទទួលនូវសុខសន្តិភាព ហើយប្រជាពលរដ្ឋ ក៏មិនមានសិទ្ធសេរីភាពដូចពេលនេះទេ។

លោកប្រធានក្រុមការងារខេត្ត ក៏បានថ្លែងនូវការចូលរួមអបអរសារទរជាមួយសមាជិក សមាជិកា ថ្មីគណបក្សប្រជាជនកម្ពុជា ឃុំម្លូរព្រៃមួយទាំង៣៧រូប ដែលត្រូវបាន ប្រកាសទទួលស្គាល់នៅពេលនេះ ហើយការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត និងគ្មាន ការបង្ខិតបង្ខំឡើយ ក្នុងទិសដៅមានឱកាសចូលរួមជាមួយគ្នាបម្រើប្រជាជន បម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ឲ្យមានការរីកចម្រើនតទៅទៀត។

លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងណែនាំដល់សមាជិក សមាជិកាថ្មីទាំង៣៧រូប ត្រូវប្រែក្លាយការគាំទ្រទៅជាសន្លឹកកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា បោះជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។ លោកក៏បានថ្លែងនូវការអរគុណក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ តែងបានខិតខំយកចិត្តទុកដាក់ ក្នុងការចុះជួយដល់សមាជិកបក្សដែលជួបការលំបាកផងដែរ៕