(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយជូន ដល់ប្រជាពលរដ្ឋដែលខ្វះខាត ចំនួន៣០គ្រួសារ ផ្លូវ២៨៨ តាមច្រកឌឿងហែម ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ខណៈចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ លោក ធឹម សំអាន ដែលអមដំណើរដោយលោកស្រី ស៊ិន រតនា ជាអភិបាលរងខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្រ្តីក្រោមឱវាទផងនោះ ក៏បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមផ្ទះនីមួយៗផងដែរ។

លោក ធឹម សំអាន បានលើកឡើងថា សកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនសូវច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌក្នុងការបម្រើការងារ និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានល្អប្រសើរ ពិសេសនាឱកាសជិតដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះ។

ជាមួយគ្នានោះ លោក ធឹម សំអាន បានលើកឡើងថា សូមឲ្យប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអនុសាសន៍សម្តេចតេជោ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា អំណោយដែលយកមកផ្តល់ជូនប្រជាពលរដ្ឋ នាពេលនេះ រួមមាន៖ អង្ករ ២៥គីឡូ, មី ចំនួន១៥កញ្ចប់, ទឹកសុីអុីវ ២ដប, ជែល ១ដប និងម៉ាស១កញ្ចប់៕