(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជន ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៧ ខែមីនា ស្ថិតនៅមណ្ឌល តេជោសន្តិភាព (ការ៉េពីរ) ។

ក្នុងនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធផងដែរ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

នាពេលនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាឲ្យក្រុមជាង សាងសង់ឲ្យបានឆាប់រហ័ស ដើម្បីធ្វើផ្ទះថ្មី ជូនអតីតយុទ្ធជនដែលផ្ទះរបស់ អតីតយុទ្ធជន ប៉ះពាល់ខ្លាំង (ខូចខាតទាំងស្រុង) ត្រូវធ្វើថ្មីឲ្យហើយក្នុងរយៈពេល១ខែ ក្នុងចំនួនផ្ទះ៣៩ខ្នង។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានផ្តាំផ្ញើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះអាកាសធាតុ ដោយនេះជារដូវដែលមានភ្លៀង រួមជាមួយនិងខ្យល់កន្រ្តាក់ផងដែរនោះ និងអាចបង្កជាយថាហេតុណាមួយកើតឡើងចំពោះបងប្អូន។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏ប្រាប់ឲ្យត្រូវតែបន្តនូវការការពារខ្លួន ឲ្យបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៣ការពារ និង៣កុំ៕