(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តរៀបចំ សម្អាតអនាម័យតុបតែងលម្អទីកន្លែងឲ្យបានស្អាតត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ការណែនាំខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើង នៅសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

បន្ថែមពីនោះ ពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង លោក ញ៉ែម សំអឿន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ សូមឲ្យពួកគាត់មកទទួលការចាក់ នៅតាមទីតាំងដែលរដ្ឋបាលខេត្ត បានរៀបចំផងដែរ។

លោកក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ ភាគីពាក់ព័ន្ធ ដែលបានអនុវត្តការងារបានល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងសូមអនុវត្តឲ្យបានកាន់តែល្អ បន្ថែមទៀត។

លើសពីនោះទៀត លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្តឲ្យមានប្រសិទ្ធភាព៕