(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី(អេស៊ីលីដា) បានចុះហត្ថលេខា លើអនុស្សរណៈជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត កៅ ថាច មានតួនាទីជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាភីអិលស៊ី នាថ្ងៃទី២៩ ខែមីន ឆ្នាំ២០២២។

បណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា នេះមោទនភាពបំផុតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកក្នុងការគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឲ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារសម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានរួមគ្នា លើវិស័យសំខាន់ៗចំនួន ០៦ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រ ដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាង ធ.អ.ជ.ក. និង អេស៊ីលីដា ដោយស្ថិតលើមូលដ្ឋាន «មកមុនផ្តល់ជូនមុន» ឬ First Come, First served។

ការពង្រីកឥណទានលើវិស័យទាំង០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងថា ជាសក្ខីភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ដែល ធ.អ.ជ.ក និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការគ្នាអនុវត្តយន្តការសហហិរញ្ញប្បទាន ចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម។

យន្តការនេះ ជាការដាក់មូលនិធិជាកញ្ចប់រួម ក្នុងគោលបំណងពង្រីកវិសាលភាព និងទំហំឥណទានដែលបង្ហាញពី ការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានក្នុងកម្មវិធីនេះ ហើយក៏ជាយន្តការថ្មីដែលវិស័យឯកជនបានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិសេសនេះ។

លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិតក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច ធ.អ.ជ.ក. នៅតែបន្តការគាំទ្រការផ្តល់ឥណទានកសិកម្ម យ៉ាងសកម្មក្នុងគោលដៅ រក្សាលំនឹងអាជីវកម្មរបស់ SME ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។

ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានកសិកម្មក្នុងអត្រាការប្រាក់សម្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដំណាក់កាលទី២ ដល់ ធ.អ.ជ.ក សម្រាប់ប្រើប្រាស់លើការផ្តល់ ហិរញ្ញប្បទានផ្ទាល់ (Direct_Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃ ផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី៕