(ក្រចេះ)៖ លោកវេជ្ជបណ្ឌិត សាន់ សិបអី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ HASENE នៃប្រទេសទួរគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ មកពីភូមិពង្រ ឃុំពង្រ និងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក Melih Ibrahim Kodal តំណាងអង្គការ HASENE ដែលជាម្ចាស់ជំនួយ បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

លោកវេជ្ជបណ្ឌិត សាន់ សិបអី ក្នុងនាមលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់តំណាង អង្គការ HASENE ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បន្ថែមពីនេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសន្តិភាព ដោយបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ បន្តទៅទៀត។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការ ខាងលើសម្រាប់មួយគ្រួសាររួមមាន អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ប្រេងឆា២លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង អំបិល១គីឡូក្រាម និងផ្លែល្មើសកន្លះគីឡូក្រាម៕