(កំពង់ធំ)៖ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ត្រូវបានក្រុមការងារចុះមកថតខ្សែភាពយន្តនៅរមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយមានការចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងដោយគណៈកម្មការផលិតខ្សែភាពយន្ត។

ការចុះទៅដល់រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុកនេះគឺមានការចូលរួមពីលោក ហ៊ុន ម៉ានី អមដំណើរដោយ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ងួន រតនៈ បានលើកឡើងថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើតគណៈកម្មការផលិតខ្សែភាពយន្តនេះឡើង។

ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។

លោក ងួន រតនៈ បានលើកទឹកចិត្ត និងជូនពរដល់ក្រុមការងារផលិតខ្សែភាពយន្តរឿងភាគ
«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ដំណើរការទៅដោយជោគជ័យ និងបានចាក់ផ្សាយជូនប្រជាជនទស្សនា និងទទួលបានការគាំទ្រយ៉ាងច្រើន ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីៗទៀតអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងសម័យកលយុគ និងដំណើរជីវិតរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជាកលបុត្រដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា៕