(ពោធិ៍សាត់)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។

ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែន បានអំពាវនាវមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តចូលរួមពង្រឹងលើកកម្ពស់នូវវប្បធម៌នៃការគោរពផ្តល់តម្លៃគ្នា និងឈរលើមូលដ្ឋានផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅរួម គឺការពង្រឹងអង្គភាពដើម្បីការពារជាតិ និងការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ បានបញ្ជាក់ថា ជាពិសេស រាល់ការទទួលស្គាល់ចំពោះបុគ្គលណាមួយ គឺសុទ្ធតែផ្តើមចេញពីស្មារតីខិតខំប្រឹងប្រែង និងសកម្មភាពស្នាដៃការងារជាក់ស្តែងរបស់បុគ្គលនោះ គឺដូចទៅនឹងគ្រាប់ពេជ្រដែលទទួលបានការដុសខាត់រហូតមានពន្លឺចែងចាំង ដែលការណ៍នេះមិនមែនកើតឡើងដោយធម្មជាតិឯកឯងនោះទេ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបាន និងសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី ថវិកា និងសម្ភារ។

ឧត្តមសេនីយ៍ឯក ក៏សូមអរគុណដល់អង្គភាពដៃគូសម្ព័ន្ធមេត្រីភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងបានផ្តល់ការគាំទ្រដល់បណ្តាកងឯកភាពនានាទូទាំងកងទ័ព ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរកងពលតូចអន្តរាគមន៍លេខ១៤ ដែលក្រៅពីភារកិច្ចស្នូល ក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ «៣កុំ និង៣ការពារ« រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗនៅក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ១៩។

មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ក្នុងនោះ យោធិន និងគ្រួសារយោធិនទាំងអស់ ក៏បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល និងភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនេះ កងពលក៏បានសហការចូលរួមបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈសកម្មភាពមួយចំនួន ដូចជាប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋ និងស្បៀងអាហារ ពីព្រំដែនមកក្នុងខេត្តពោធិ៍សាត់ និងទៅតាមបណ្តាខេត្តនានាទូទាំងប្រទេស៕