(ឡុងដ៍)៖ ចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ «ស្តង់ដារពីរ» ចំពោះការដោះស្រាយបញ្ហាជនភៀសខ្លួនអ៊ុយក្រែន និងស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

លោក Raed Al-Saleh ប្រធានផ្នែកស្វែងរក និងជួយសង្គ្រោះអង្គការសប្បុរសធម៌ White Helmets នៅក្នុងប្រទេសស៊ីរីបាននិយាយថា ជនភៀសខ្លួនទាំងអស់គួរតែត្រូវទទួលបាន «ប្រព្រឹត្តដោយស្មើភាពគ្នា» ដោយមិនរើសអើង និងបែងចែកទេ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយលោកបានលើកឡើងថា «ការប្រព្រឹត្តិដោយអនុគ្រោះសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន យើងអាចមើលឃើញវានឹងភ្នែក។ វាជាស្តង់ដារពីរ។ ជនភៀសខ្លួនគួរត្រូវបានចាត់ទុកដោយស្មើភាពគ្នាដោយមិន ប្រកាន់ពូជសាសន៍ឬ សាសនាអ្វីឡើយព្រោះពួកគេមានសិទ្ធិស្មើគ្នា»

ចក្រភពអង់គ្លេសបានផ្តល់ទិដ្ឋាការចំនួន២២,០០០ដល់ជនភៀសខ្លួនអ៊ុយក្រែន ក្រោមគម្រោងទិដ្ឋាការលក្ខណៈគ្រួសារ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៤ខែមីនា ខណៈ២,០០០នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថានឹងត្រូវបានគាំទ្រនៅក្នុងកម្មវិធីបន្ទាប់។

ចំណែកឯជនជាតិស៊ីរីមានតែ ២០,០០០នាក់ប៉ុណ្ណោះ ដែលបានភៀសខ្លួនចេញពីជម្លោះក្នុងរយៈពេល៦ឆ្នាំ ដោយមាន៦៦៦នាក់ទៀតមកដល់អង់គ្លេសតាមគម្រោងដាច់ដោយឡែកមួយ៕