(កំពង់ធំ)៖ សាខាកាកបាទក្រហមខេត្តកំពង់ធំ ដឹកនាំដោយលោកស្រី ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការ​សាខាកាក​បាទខេត្ត បាននាំយកអំណោយ​ទៅចែកជូន​ប្រជាពលរដ្ឋ ដែលមកសម្រាល​កូន៥០នាក់ ក្នុងមណ្ឌលសុខ​ភាពជ័យ ស្ថិតក្នុងភូមិកូនត្នោត ​ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមណ្ឌលសុខភាពសាលាវិស័យ ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ការនាំយកអំណោយទៅចែកជូននេះ ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ និងទិវាឆ្មបអន្តរជាតិ៨ឧសភា ក្រោមប្រធានបទ ស្ត្រីនិងទារក​ជាបេះដូងរបស់ឆ្មប។ ក្នុងឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដាំផ្ញើ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារដែលបានសម្រាលកូនត្រូវគិតពីសុខភាពឲ្យល្អ ហើយត្រូវមានផែនការឲ្យច្បាស់លាស់ និងពិគ្រោះជាមួយ​គ្រូពេទ្យជំនាញក្នុង​ការយកកូន។ លោកស្រីក៏បានបន្ថែមថា សូមឲ្យមាតាបិតាទាំងអស់ ត្រូវពិនិត្យថែទាំគភ៌​ឲ្យបានយ៉ាងតិចបួនដង​មុនពេល​សម្រាល និងពេលសម្រាលកូនត្រូវ​មកសម្រាលនៅមណ្ឌល​សុខភាព ទោះជាកូនទីប៉ុន្មាន ក៏ដោយព្រោះមណ្ឌលសុខភាពជាទីកន្លែងដែលយើងពឹងពាក់បាន ជាពិសេសការថែទាំក្រោយសម្រាល ទាំងមាតា ទាំងទារក ការចិញ្ចឹមបីបាច់ទារ ការពន្យាកំណើត និងការត្រៀមសម្រាប់ការមានគភ៌ថ្មីទៀត ត្រូវគិតពីបញ្ហាសុខភាព នៅពេលមាខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែង​មានសុវត្តិភាព ជៀសវាងគ្រោះមហន្ដរាយ ធម្មជាតិដូចជារន្ទះបាញ់ ខ្យល់កន្ត្រាក់រលំដើមឈើ រលំផ្ទះជាដើម និងសូមឲ្យមាតបិតាជួយចិញ្ខឹម កូនឲ្យបានធំធាត់ល្អ ត្រូវបង្ហាត់បង្ហាញឲ្យទៅរក​ផ្លូវត្រូវជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ល្បែងពាលាអាវាសែ ដែលសង្គមស្អប់ ខ្ពើម។

លោកស្រី សំណូមពរដល់លោកគ្រូពេទ្យទាំងអស់ សូមជួយព្យាបាលអ្នកជម្ងឺដោយយកចិត្តទុកដាក់ មានសំដី ពិរោះ ទន់ភ្លន់ សុភាពរាបសារ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។ ជាចុងក្រោយ​លោកស្រី ឃួន ឃុនឌី សូមថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ នេះសមទៅនិងពាក្យ «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច»៕