(ភ្នំពេញ)៖ យោងលើតម្រូវការចាំបាច់ជាក់ស្តែង ដែលជាបញ្ហាប្រឈមកង្វះខាតទឹកប្រើប្រាស់ និងស្រោចស្រប់ដំណាំក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែខ្លួនម្នាក់ៗ ១ខែ គឺប្រាក់ខែ១០០ភាគរយដែលត្រូវបើកសម្រាប់ខែឧសភា ដោយបង្វែរប្រាក់ខែនោះសម្រាប់យកទៅចំណាយ លើការស្តារស្រះចំនួន១៥ ជូនប្រជាពលរដ្ឋប្រើប្រាស់។

ការមូលមតិគ្នាជាឯកច្ឆ័ន ដោយស្ម័គ្រចិត្តបរិច្ចាគខែរបស់ខ្លួន និងបង្វែរប្រាក់ខែនោះសម្រាប់ចំណាយលើការស្តារស្រះ ជូនប្រជាពលរដ្ឋក្នុងឃុំ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា ដែលបានដឹកនាំប្រជុំបូកសរុប និងវាយតម្លៃការងារប្រចាំឆ្នាំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីតំណាងក្រុមការងារ ចុះមូលដ្ឋានទាំង១៣ភូមិ លោកអភិបាលស្រុកបាទី និងប្រធានការិយាល័យធនធានទឹក និងឧតុនិយមនៃស្រុកបាទីផងដែរ។

លោក ស្វាយ ស៊ីថា បានចាត់ទុកបញ្ហាប្រឈមខ្លាំងរបស់ប្រជាពលរដ្ឋក្នុងឃុំកុមារាជា ដែលត្រូវដោះស្រាយជាបន្ទាន់ និងចាំបាច់បំផុតនោះ គឺទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សត្វពាហនៈ និងទឹកសម្រាប់ស្រោចស្រប់ដំណាំ បន្លែបង្ការមួយចំនួនរបស់ប្រជាពលរដ្ឋ។ លោក ស្វាយ ស៊ីថា ក្នុងនាមប្រធានក្រុមការងារបានឧបត្ថម្ភថវិកា ចំនួន២០លានរៀល ដើម្បីចាប់ផ្តើមដំណើរការបើកការដ្ឋានស្តារស្រះទាំងនោះ ដែលគ្រោងនៅសប្តាហ៍ក្រោយ ហើយដែលតាមការប៉ាន់ប្រមាណថវិកាសម្រាប់ស្តារស្រះ នឹងចំណាយអស់ប្រមាណជាង៦ម៉ឺនដុល្លារអាមេរិក ក្នុងនោះក៏មានការចូលរួមថវិកាពីបងប្អូនប្រជាពរដ្ឋ គ្រប់ភូមិផងដែរតាមរយៈការទិញអាចម៌ដី សម្រាប់ចាក់ទីទំនាបក្នុងបរិវេណផ្ទះ និងតាមផ្លូវក្នុងភូមិ។

ក្រៅពីការដោះស្រាយបញ្ហាទឹក តាមរយៈការបើកយុទ្ធនាការស្តារស្រះក្នុងឃុំ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជូនប្រជាពលរដ្ឋ ដែលជាការងារបន្ទាន់ ស្របតាមគោលការណ៍ដាក់ចេញជាអាទិភាព របស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងឃុំកុមារាជា ក្នុងស្រុកបាទី នៃខេត្តតាកែវ ក្នុង១ឆ្នាំកន្លងមកនេះ គិតចាប់ត្រឹមពីខែធ្នូឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៥ ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានក្នុងឃុំ ក៏បានរួមចំណែកយ៉ាងសកម្មដោយចំណាយ ទាំងសម្ភារៈ ថវិកា និងការចុះទៅជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះដូចជាចូលរួមថវិកា សាងសង់ទ្វារទឹក ស្តារប្រឡាយ ស្រះផ្សព្វផ្សាយសេវាសាធារណៈតាមខ្នងផ្ទះ ចែកអត្តៈសញ្ញាណប័ណ្ណ បើកវេទិការសាធារណៈដើម្បី បានទទួលព័ត៌មាននិងសំណូមពរនានា ពីប្រជាពលរដ្ឋ ចុះចែកសម្ភារៈ (ឃីត) សម្រាប់ទារកដល់ស្ត្រីដែលទើបសម្រាលកូនរួច ចូលរួមធ្វើបុណ្យក្នុងភូមិជាញឹកញាប់ រួមទាំងបុណ្យសព ជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មកររោងចក្រ ក្នុងពិធីជាតិសំខាន់ៗ បើកបវេសនកាលសិក្សា សង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ភ្លើងឆេះ ឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ចូលរួមដង្ហែរអង្គកឋិនទានកសាងសមិទ្ធផលជាច្រើនក្នុងវត្ត និងចូលរួមក្នុងការងារសង្គម និងមនុស្សធម៌ជាច្រើនទៀតដូចជា ការផ្តល់ឈាម និងសួរសុខទុក្ខអ្នកភូមិមានជម្ងឺសម្រាកនៅមន្ទីរពេទ្យ ផ្តល់អាហាររូបករណ៍ដល់និស្សិត ជាកូនរបស់ប្រជាពលរដ្ឋក្នុងភូមិបានសិក្សារៀនសូត្រ ស្វែងរកថវិការជួយឧបត្ថម្ភសាងសង់អនុវិទ្យាល័យ មណ្ឌលសុខភាព និងបានបង្កើតនូវមូលនិធិគ្រូបង្រៀនក្នុងឃុំ និងបង្កើតមូលនិធិយុវជនឃុំ ដើម្បីសកម្មភាពបំរើប្រជាពលរដ្ឋ និងចំណាយថវិកាលើការងារជាក់ស្តែងជាច្រើនទៀត ដែលគ្រាន់តែរយៈពេល១ឆ្នាំមកនេះ ថវិកាប្រមាណជិត១០ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានក្នុងឃុំកុមារាជាទាំងមូល៕