(ភ្នំពេញ)៖ កម្ពុជាជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៉ីវិល ឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ជាមួយនឹងអាត្រាកំណើនសេដ្ឋកិច្ច ៧.៥% និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការ និងអង្គការមនុស្សធម៌ Platinum East ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តំណាងដោយលោក Shathel Fahs នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេសគាំទ្រដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសាកលនៃសហគមន៍សកម្មភាពមីនមនុស្សធម៌។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជា បានបង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់នូវជីវិតមនុស្សស្លូតត្រង់ រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថាមានសុវត្ថិភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្រ្គាម និងការផ្លាស់ទីលំនៅអស់ជាច្រើនទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ ប្រសិនបើប្រទេសកម្ពុជាមានជំនាញបច្ចេកទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិជ្ជាជឿនលឿនជាងមុន ដើម្បីធ្វើសកម្មភាពដោះមីនឱ្យបានលឿននៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៉ីវិល ឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៥ % និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស ការបង្កើតថ្មីនៃការដោះមីន ការរាវរក ឧបករណ៍បច្ចេកវិជ្ជា និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង និងវិជ្ជាជីវៈ ដែលក្នុងនោះអាជ្ញាធរមីន ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ»។

អាជ្ញាធរមីន មានមោទនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មបណ្តាញគាំទ្រ។ លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី សង្ឃឹមថានឹងឃើញការអភិវឌ្ឍជំនាញថ្មីៗកាន់តែច្រើនឡើង និងបច្ចេកវិទ្យាក្នុងវិស័យសកម្មភាពមីន ដែលអាចឱ្យប្រតិបត្តិករដោះមីនបំពេញភារកិច្ចអស់ពីសមត្ថភាព ហើយវាជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់កម្ពុជាជាប្រទេសនាំមុខគេលើពិភពលោក ដែលមានជំនាញច្រើន ក៏ដូចជាសម្របខ្លួនទៅនឹងបច្ចេកវិទ្យាជឿនលឿននៅពេលនិយាយអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕