(កំពត)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឲ្យជួរថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ បន្តខិតខំជំរុញដល់គណៈកម្មការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ គណៈកម្មការត្រួតពិនិត្យការកែច្នៃយានយន្ត ខុសបច្ចេកទេស និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ខិតខំកែលម្អ ពង្រឹងយន្តការ និងសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ទប់ស្កាត់ឲ្យបាននូវការកែច្នៃ យានយន្តខុសបច្ចេកទេស ឬការដឹកជញ្ជូនលើសទម្រង់ជាដើម ពិសេសជំរុញការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

ការណែនាំបែបនេះពេលលោកសោម ពិសិដ្ឋ ចូលរួមជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានរយៈពេល១ឆ្នាំ ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសាធារណការនិងដឹកជញ្ជូញខេត្តកែប។

លោកក៏បានណែនាំ និងស្នើដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ ពាក់ព័ន្ធបច្ចេកទេស សាងសង់ ថែទាំ ជួសជុល ផ្លូវ ស្ពាន តាមស្តង់ដារ ប្រកបដោយគុណភាព និងសុវត្តិភាពខ្ពស់។

ទន្ទឹមនេះ លោក សោម ពិសិដ្ឋ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលមន្ទីរសម្រេចបាន ក្នុងឆ្នាំ២០២១ ដែលបញ្ជាក់ឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះដែរ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកែប បានលើកបញ្ជាក់ថា រយៈពេល១ឆ្នាំ ២០២១នេះ មន្ទីរសម្រេចបានសមិទ្ធផលរូបវន្តធំៗ ចំនួន ៦គម្រោង រួមមាន៖

*១៖ គម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្ត ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំពងទឹក ស្រុកដំនាក់ចង្អើរ។
*២៖ គម្រោងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវលេខ ១៣៣៥ ប្រវែង២១៥០ម៉ែត្រ ដោយក្រាលកៅស៊ូ DBST រួមទាំងសំណង់ សិល្បការ្យ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ។
*៣៖ គម្រោងជួសជុលផ្លូវលេខ១៣៣២ ពីបេតុងសសៃដែក ប្រវែង ៧៥០ម៉ែត្រ ទទឹង៩ម៉ែត្រ ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ រួមទាំងការតម្លើងភ្លើងសញ្ញាចរចរណ៍ នៅផ្លូវបំបែកផ្សារដំណាក់ចង្អើរ ក្រុងកែប។
*៤៖ គម្រោងរៀបការ៉ូឡា សម្រាប់ផ្លូវថ្មើជើង តាមផ្លូវលេខ៣៣A ប្រវែង៧០០ម៉ែត្រ ក្នុងក្រុងកែប ។
*៥៖ គម្រោងបន្ទាន់ចំនួន៣ គឺជួសជួលផ្លូវជាតិលេខ៣៣A ពីកៅស៊ូDBST ៤០០០ម៉ែត្រ, សាងសង់លូជ្រុងផ្លូវលេខ៣៣A និងផ្លូវលេខ១៣៣២។
*៦៖ គម្រោងថែទាំផ្លូវថ្នល់ជាប្រចាំ ផ្លូវ៣៣A ផ្លូវ១៣៣២ ផ្លូវ១៣៣៥ លើប្រវែងសរុប ៤០.៣៦ គីឡូម៉ែត្រ។

ក្រៅពីគម្រោងធំៗដែលមន្ទីរសម្រេចបានក្នុងឆ្នាំ២០២១ ទាំង៦គម្រោងនេះ លោកប្រធានមន្ទីរ ក៏បានបង្ហាញនៅក្នុងរបាយការនូវការងារស្នូលរបស់មន្ទីរ ដូចជាការចុះបញ្ជី និងផ្ទេរកម្មសិទ្ធយានយន្ត , ការងារផ្តល់ប័ណ្ណបើកបរយានយន្ត , ការងារត្រួតពិនិត្យយានយន្តកែច្នៃខុស បច្ចេកទេស, ពិនិត្យបច្ចេកទេសយានយន្ត រួមទាំងការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដែលសុទ្ធសឹងទទួលលទ្ធផលល្អប្រសើរ៕