(ភ្នំពេញ)៖ ឧក្រិដ្ឋជន៣នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួនបានជាមួយថ្នាំញៀនជាង១គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុចតាមផ្លូវ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្រោយទទួលបានបទបញ្ជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបតែម្ដងនៅពីរទីតាំងខាងលើ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ទី១៖ ឈ្មោះ ទន់ ទីណូ អាយុ៤០ឆ្នាំ, ទី២៖ ឈ្មោះ ទូច សារឿន អាយុ៣៩ឆ្នាំ និងទី៣៖ ឈ្មោះ នៅ ក្រឹម អាយុ២៨ឆ្នាំ។ ក្នុងនោះ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១.១៤៤គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕