(កំពង់ធំ)៖ លោក ស្រី ចំរើន តំណាងឱ្យយុវជន និងនិស្សិតមួយចំនួន បានសម្រេចប្តឹងលោក កឹម សុខា ដោយចោទថាអនុញ្ញាតឱ្យសកម្មជន និងអង្គរក្សរបស់លោក បានប្រើអំពើហិង្សាលើក្រុមនិស្សិត បណ្តាលឱ្យមនុស្ស៥នាក់រងរបួស នៅខាងមុខវេទិកាសាធារណៈរបស់CNRP នៅខេត្តកំពង់ធំ។

អំពើហិង្សានោះ ត្រូវបានលោក ស្រី ចំរើន អះអាងថាកើតឡើងនៅទីស្នាក់ការ CNRP ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រាដែលក្រុមនិស្សិត និងយុវជន ប្រមាណ៣០នាក់ លើកគ្នាទៅតវ៉ាឱ្យ លោក កឹម សុខា ដែលកំពុងធ្វើវេទិកា និងប្រកាសសុពលភាពថ្នាក់ដឹកនាំខេត្ត បំភ្លឺរឿងអាស្រូវ ជាមួយនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក កឹម សុខា ក៏បានរងនូវបណ្តឹង២ទៀតផងដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវ ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងនោះមានបណ្តឹងពីកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ដែលប្តឹងពីបទបរិហារកេរ្តិ៍ និង បណ្តឹងពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលចោទអនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះថា ធ្វើឱ្យបាត់បង់កិត្តិយសរបស់នាង និងមិនគោរពតាមសន្យា៕