(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំនួន៧ចំណុច ដើម្បីធានាឱ្យការឃោសនាបោះឆ្នោត និងការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព និងគ្មានការគំរាមកំហែង។

ការអំពាវនាវរបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅក្នុងឱកាសដែល លោកបានចូលរួមកិច្ចកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងស្ថាប័នពាក់មួយចំនួន តាមប្រព័ន្ធវីដេអូអនឡាញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវ៧ចំណុច ដូចតទៅ៖

* គ្រប់គណបក្សនយោបាយ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។
* អាជ្ញាធរសាធារណៈទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើ ផលប្រយោជន៍គណបក្សនយោបាយ។
* កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវគោរព តាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលរៀបចំ ដោយ គ.ជ.ប។
* ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជនគណបក្ស នយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
* គ្រប់ប្រព័ន្ធព័ត៌មានទាំងអស់ត្រូវគោរពច្បាប់ ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
* គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ត្រូវសហការសម្របសម្រួល ដោះស្រាយបញ្ហា ដែលអាចកើតមានក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោត នៅតាមរាជធានី ខេត្តរបស់ខ្លួន។
* ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងរួមគ្នាគោរពវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

បើតាម លោក ប្រាជ្ញ ចន្ទ ក្នុងរយៈពេលនេះ គ.ជ.ប មានការងារជាច្រើនដែលត្រូវបំពេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា ហើយដែលការងារទាំងនោះរួមមាន៖

ទី១៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ទី២៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
ទី៣៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ទី៤៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និង
និងទី៥៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤៕